អភិបាលខេត្តព្រះវិហារ ចុះត្រួតពិនិត្យ ការជួសជុលពង្រីកផ្លូវនានានៅក្នុង ក្រុងព្រះវិហារ


ខេត្តព្រះវិហារ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ –ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ មើលការជួសជុលពង្រីកផ្លូវសំខាន់ៗ នៅក្នុងក្រុងព្រះវិហារ ដើម្បីកែលម្អ សោភណភាពក្រុងព្រះវិហារ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តព្រះវិហារឱ្យកាន់តែច្រើនថែមទៀតដែលការចុះត្រួតពិនិត្យជួសជុលផ្លូវនេះធ្វើ ឡើងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថាឆ្នាំ២០១៦ នេះសម្រាប់ ការថែទាំជាប្រចាំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានផ្តល់អាទិភាពសម្រាប់ការដំឡើងផ្លាកសញ្ញា ចរាចរណ៍ថ្មី បង្គោលសុវត្ថិភាព បង្គោលគីឡូម៉ែត្រនិងរនាំងដែកការពារសុវត្ថិភាពនិងការថែទាំ សម្អាតចិញ្ចើម ផ្លូវ នៅតាមផ្លូវជាតិនិងផ្លូវខេត្ត ក្រាលកៅស៊ូសំខាន់ៗមួយចំនួន ផ្លូវទាំងនោះរួមមានផ្លូវជាតិ លេខ៦២ ផ្លូវជាតិ លេខ៦៤ ផ្លូវជាតិលេខ៩៥ និងផ្លូវខេត្ត២៦២៦ ។
ដោយឡែកនៅក្នុងឆ្នាំ២០១៧ខាងមុខនេះ មន្ទីរសាធារណការមានផែនការបន្តទៀតនឹងផ្តល់ អាទិភាពសំខាន់ៗ ទៅលើការងារគូសគំនូសចរាចរណ៍តាមបណ្ដោយផ្លូវជាតិនិងផ្លូវខេត្តក្រាលកៅស៊ូបន្តទៀតសម្រាប់ផ្លូវខាងលើ ក៏ ដូចជាផ្លូវខេត្តលេខ២៦២៨និងផ្លូវសំខាន់ៗមួយចំនួនទៀតថ្វីបើមានការដាក់អាទិភាពទៅលើការងារដូចខាង លើក៏ដោយក៏មន្ទីរមិនភ្លេចធ្វើការជួសជុលផ្លូវសំបុកមាន់ដែលរងនូវការខូចខាតដោយសារផ្ទុកលើសកម្រិត ទម្ងន់កំណត់និងខូចដោយសារជំនន់ទឹកភ្លៀងដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវនានានៅក្នុងខេត្តព្រះវិហារ ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដើម្បីឱ្យក្រុងព្រះវិហារកាន់តែមានសោភណភាពមន្ទីរជំនាញត្រូវតែ បង្កើនការងាររបស់ខ្លួនឱ្យដូចភ្លៀងរលឹម ។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់ លោក សំ លាងទ្រី ដែលជានិច្ចកាលលោកតែងតែខិតខំអនុវត្តន៍បានយ៉ាងល្អប្រសើរនូវបទបញ្ជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបទបញ្ជារបស់ខេត្ត បានយ៉ាងល្អប្រសើរ ហើយសមិទ្ធផល នានាជាច្រើនដែលបានកើតមាន នៅទូទាំងខេត្តព្រះវិហារ គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងស្តារនិង អភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនជូនប្រជាពលរដ្ឋ និង សង្គមជាតិយើង ៕

14567988_1307194225989360_6031817069857245321_n

14642095_1307194329322683_8883082562723153657_n

14702311_1307194249322691_1304636439214387014_n

14713691_1307194289322687_5134760423645533238_n