កិច្ចប្រជុំ ស្តីពីការរៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៤០ នៃ ទិវាជ័យជម្នះ ៧មករា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩


នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៤០ នៃ ទិវាជ័យជម្នះ ៧មករា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ ដែលជាថ្ងៃខេត្តសៀមរាបត្រូវបានរំដោះ ពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ។ កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាគណៈអភិបាលខេត្ត មេបញ្ជាការ បញ្ជាការរង ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ។

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា នេះជាឆ្នាំលើកទី៤០ហើយ ដែលយើងគ្រប់រូបបានរួចផុតពី ជ្រោះមរណៈបនប្រល័យពូជសាសន៍ ប៉ុល ពត និង ជាថ្ងៃដែលប្រជាជនកម្ពុជាយើងមិនអាចបំភ្លេចបាន ដោយគុណបុណ្យស្មារតីថ្ងៃជ័យ ជម្នះ៧មករានេះហើយ ទើបប្រទេសជាតិយើងមានកិច្ចអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ លើគ្រប់វិស័យ ទាំងអាណាចក្រ និង ពុទ្ធិចក្រ ។

ឯកឧត្តមក៏បានលើកផងដែរ អំពីការរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៤០ នៃ ទិវាជ័យជម្នះ ៧មករា ធ្វើនៅថ្ងៃទី១០ មករានោះ ដោយខេត្ត សៀមរាប ត្រូវបានរំដោះរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ គឺនៅថ្ងៃទី១០ មករា ១៩៧៩ ។ ដោយកត្តានេះហើយទើប ខេត្តសៀមរាបត្រូវធ្វើការរៀបចំប្រារព្វពិធីស្មារតីថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី១០មករានេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផង ដែរ ចំពោះការរៀបចំក្បួនព្យុហយាត្រ នៅតាមផែនមន្ទីរនិមួយៗ ត្រូវធ្វើទៅតាមលទ្ធភាពរបស់អង្គភាពខ្លួន ឲ្យមានការស៊ីសង្វាក់ទៅតាម សាមីអង្គភាព អំពីសម្លៀកបំពាក់ ។

ក្នុងនោះឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំមួយចំនួន ដល់គណៈកម្មការរៀបចំបុណ្យជាតិ អំពី ការរៀបចំនូវវេទិកាអង្គមិទ្ទិញ ការកំណត់តាមផែនសមាជិកសមាជិកាដែលត្រូវចូលរួមពិធី កំណត់នូវទីតាំងចំណតយានយន្តគ្រប់ប្រភេទ។ ក្នុងនោះដែរឯកឧត្តម បានសង្កត់ធ្ងន់ទៅលើការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សូមឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុក ដាក់ខ្ពស់ ចំពោះការធ្វើចរាចរណ៍ក្នុងក្រុង ដោយ នៅឱកាសនោះ យើងត្រូវធ្វើការបិទផ្លូវ ស្ពាន មួយចំនួន មិនឲ្យគ្រប់យានយន្តធ្វើចរាចរណ៍ ឆ្លងកាត់ ដើមី្បធ្វើឲ្យកម្មវិធីយើងដំណើរការទៅ បានដោយជោគជ័យ ។ ដោយកត្តានេះហើយក៏សូមឲ្យកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការបញ្ជៀសនូវការធ្វើចរាចរណ៍កុំឲ្យមានការកក ស្ទះ នៅតាមដងផ្លូវ ព្រមទាំងកុំឲ្យមានការកើតឡើង ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ផងដែរថា កិច្ចទាំងនេះយើងទាំងអស់គ្នា នឹងរួមសហការ សាមគ្គីគ្នា ឲ្យកិច្ចការនេះបានដំណើរការ ទៅដោយរលូន ទទួលបានលទ្ធផលជាផ្លែផ្កាជាក់ជាមិនខានទៀតផង ៕