ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារគម្រោងចុះធ្វើការត្រួតពិនិត្យកិច្ចប្រតិបត្តិការសាងសង់ប្រព័ន្ធប្រឡាយជើងក្អែប


ថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារគម្រោងសាច់ប្រាក់ពលកម្មសម្រាប់ការសាងសង់ប្រព័ន្ធប្រឡាយជើងក្អែបប្រចាំក្រសួង ចុះធ្វើការត្រួតពិនិត្យកិច្ចប្រតិបត្តិការសាងសង់ប្រព័ន្ធប្រឡាយជើងក្អែប ក្នុងប្រព័ន្ធធារាសាស្រ្ត អាងចក ស្ថិតក្នុងឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ គម្រោងប្រព័ន្ធប្រឡាយជើងក្អែបខាងលើ កំពុងអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងគណៈកម្មាធិការ សកបទ ប្រព័ន្ធធារាសាស្រ្ត អាងចក ។

សូមបញ្ជាក់ជូនថា ខេត្តបាត់ដំបងធ្វើការអនុវត្តគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់ការសាងសង់ប្រព័ន្ធប្រឡាយជើងក្អែបនេះ រៀងយឺតក្នុងជំហានទី ១ នេះ គឺដោយសារតែ សកបទ ធ្វើការប្រមូលផលស្រូវមានការយឺតយ៉ាវ ។ ប៉ុន្តែការអនុវត្តគម្រោងខាងលើរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងគណៈកម្មាធិការ សកបទ ប្រព័ន្ធធារាសាស្រ្ត អាងចក បានប្រព្រឹត្តទៅ ដោយទទួលបាននូវលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមនិតិវិធីជាធរមានកំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។