នៅរសៀលថ្ងៃនេះដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកសាច់ របស់លោក នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កសិដ្ឋានបានអនុវត្តតាមច្បាប់ស្តីពីការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយជ្រើសយកក្រុមហ៊ុនស៊ីភីកម្ពុជាធ្វើជាដៃគូក្នុងការវិនិយោគនេះ ដោយក្រុមហ៊ុនជាភាគីផ្គត់ផ្គង់ពូជ ចំណី បច្ចេកទេស ថ្នាំការពារ និងថ្នាំព្យាបាល ហើយក្រុមហ៊ុនទទួលទិញមាន់វិញក្នុងតម្លៃកុងត្រា។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាបច្ចុប្បន្នកសិដ្ឋានមានរោងចិញ្ចឹម២ រោង ក្នុង១រោង អាចចិញ្ចឹមមាន់សាច់បានចំនួន ១.៥ ម៉ឺនក្បាល ហើយលក់ក្នុងតម្លៃ ៦ពាន់រៀល/គីឡូក្រាម។ ក្នុង ១វគ្គ (ចាប់ពីថ្ងៃដាក់កូន រហូតដល់ថ្ងៃចាប់លក់មានរយ:ពេលពី ៣៥-៤៥ថ្ងៃ) អាចទទួលបានកម្រៃសុទ្ធ(ដកថ្លៃភ្លើង កម្មករ និងបង់រំលោះឲ្យក្រុមហ៊ុន ៣០% នៃប្រាក់ចំណូល) ប្រមាណ ១៨លានរៀល ហើយ១ឆ្នាំអាចចិញ្ចឹមបាន ៦វគ្គ ដូច្នេះសរុបមកក្នុង១ឆ្នាំ អាចទទួលបានចំណូលប្រមាណ ១០៨លានរៀល។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភាគីទាំងពីរ(ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុន) ក៏ដូចជាអ្នកផលិត និងដៃគូឯកជននៅទូទាំងប្រទេសជ្រាបថាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីផលិត និងភាគីអ្នកទិញ ជាអាទិ៍: រក្សាបាននូវតម្លៃថេរមួយ ធានាបាននូវបរិមាណផ្គត់ផ្គង់ និងការផ្គត់ផ្គង់មាននិរន្តរភាព អ្នកផលិតទទួលបានបច្ចេកទេសពីក្រុមហ៊ុន ឬទុនវិនិយោគបន្ថែម គុណភាពផលិតផលត្រូវបានលើកកម្ពស់ និងគាំទ្រដោយក្រសួងប្រសិនបើកិច្ចសន្យានេះត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ និងនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ហេតុផលនេះ បច្ចុប្បន្នក្រសួងបាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់នេះ ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ប្រយោជន៍ដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ធានាដល់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងឈានទៅធ្វើការនាំចេញ។