សម្តេចតេជោ ហ៊ុន សែន៖ «ច្បាស់ណាស់មាន​ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ!»


(ភ្នំពេញ)៖ «ច្បាស់ណាស់មាន​ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ»។ នេះជាការបញ្ជាក់ជាថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

«នៅថ្ងៃនេះ យើងទាំងអស់គ្នាសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ទាំងនៅ​ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា»។

សម្តេចតេជោ​ហ៊ុន សែន៖ «ខ្ញុំនិងភរិយា សូមអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ដែលធ្វើអោយកម្ពុជាទទួលបាននូវសុខសន្តិភាព​ និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។

«ខ្ញុំនិងភរិយា សូមប្រគេន​ពរ​ តេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅ​ទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងពុទ្ឋពរទាំង៥​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕