ព្រឹកនេះ កម្ពុជា-ថៃ ជួបប្រជុំគ្នានៅច្រកអានសេះ ដើម្បីជំរុញបើកច្រកនេះទៅជាច្រកទ្វារអន្ដរជាតិអានសេះ ក្នុងខេត្តព្រះវិហារ


(ព្រះវិហារ)៖ កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានបន្ដកិច្ចប្រជុំរួមគ្នាមួយនៅច្រកព្រំដែនអានសេះ ដើម្បីជំរុញដំណើរការបើកច្រកតំបន់មួយនេះ ទៅជាច្រកទ្វារអន្ដរជាតិអានសេះ ដែលស្ថិតក្នុងខេត្តព្រះវិហារ។

ឯកឧត្តម​ ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹកនេះ ​ភាគីយោធាថៃ និងកម្ពុជា ​បើកកិច្ចប្រជុំមួយនៅចំណុចច្រកព្រំដែនអានសេះ ស្តីពីការកដំណោះស្រាយ​ក្នុងកាជំរុញច្រកតំបន់អានសេះ ឲ្យទៅជាច្រកអន្តរជាតិ​។

បើតាមឯកឧត្តមអភិបាលស្រុកជាំក្សាន្ដ ក្នុងកិច្ចប្រជុំនេះ ​ភាគីកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាប្រធានគណៈបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ និងមានការចូលរួមពី​អាជ្ញាធរស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន​។

​សេចក្តីសម្រេច​ដែលបណ្តាញព័ត៌មាន ទទួលបាន​ក្រុមការងារដើម្បីសិក្សា និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែននេះ មាននាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន៕​