ឯកឧត្តម សុខ ឥសាន បានលើកឡើងថា មិនមែនជារឿងចម្លែកទេដែល ទណ្ឌិត សម រង្ស៊ី មិនចុះសម្រុង ជាមួយប្រជាជន


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា មិនមែនជារឿងចម្លែកទេដែល ទណ្ឌិត សម រង្ស៊ី មិនចុះសម្រុង ជាមួយប្រជាជន ទូទៅថា វិមានឈ្នះឈ្នះ ជាវិមានប្រវត្តិសាស្ត្រ បញ្ជាក់ពីជ័យជំនះ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយក៏គ្មានអ្នកណាឲ្យទណ្ឌិតរូបនេះ ទទួលស្គាល់ដែរ។

ប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែបានទទួលស្គាល់ វិមានឈ្នះ ឈ្នះ ជាវិមានប្រវត្តិសាស្រ្តដែលតំណាងឲ្យ ការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា ហើយក៏បានចូលរួម អបអរសាទរ យ៉ាងច្រើនកុះករ នៅថ្ងៃសម្ពោធផងដែរ ។

យោងតាមបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី៧ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា “មានអ្នកណាឲ្យលោក សម រង្ស៊ី ទទួលស្គាល់វិមានឈ្នះ ឈ្នះទេ។ លោក សម រង្ស៊ី ជាមនុស្សមានទស្សនផ្ទុយពីគេរហូត បើគេទូទៅថា ស លោក សម រង្ស៊ីថា ខ្មៅ” ។

ឯកឧត្តមបន្តថា ដូច្នេះមិនមែនជារឿងចម្លែកទេដែលទណ្ឌិត សម រង្ស៊ី មិនចុះសម្រុងជាមួយ ប្រជាជនទូទៅថា វិមានឈ្នះឈ្នះ ជាវិមានប្រវត្តិសាស្ត្រ បញ្ជាក់ពីជ័យជំនះ និងបញ្ចប់សង្គ្រាមនៅកម្ពុជា បន្ទាប់ពីអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវរលំរលាយ ដែលជារបត់នយោបាយថ្មី របស់កម្ពុជា ដែលមានសន្តិភាពពេញលេញ មិនធ្លាប់មានរយៈពេលរាប់រយឆ្នាំ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

ឯកឧត្តម សុខ ឥសាន សង្កត់ធ្ងន់ថា មានតែលោក សម រង្ស៊ីទេដែលជាជនក្បត់ជាតិខ្មែរ មិនពេញចិត្តចំពោះកម្ពុជាមានសន្តិភាព ដូចដែលកន្លងមកលោក សម រង្ស៊ី តែងតែធ្វើសកម្មភាពបំផ្លាញសន្តិភាព និងផលប្រយោជន៍របស់កម្ពុជា ។

សូមរំលឹកថា វិមានឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៨ហិកតា មានកម្ពស់៥៤ម៉ែត្រ និងទទឹង៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ហើយត្រូវបានដាក់សម្ពោធកាលពីថ្ងៃទី២៩-៣១ធ្នូ ចំថ្ងៃឆ្លងឆ្នាំ និងចំខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាម នៅកម្ពុជាផងដែរ ៕