ឯកឧត្តម សួស យ៉ារ៉ា ៖ CPP មិនមានជម្លោះជាមួយបក្សណាទេ ដូច្នេះក៏ពុំមានតម្រូវការចរចាដែរ


(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានប្រកាសអំពីគោលជំហរគណបក្សប្រជាជនកម្ពុជាម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនមានជម្លោះជាមួយគណបក្សនយោបាយណាមួយទេ ហើយពេលនេះក៏ពុំមានតម្រូវការចរចា ជាមួយគណបក្សនយោបាយណាមួយដែរ។
ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្រ្តខេត្តព្រះវិហារ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «គណបក្សប្រជាជន មិនមានជម្លោះជាមួយគណបក្សនយោបាយណាទេ ដូច្នេះក៏ពុំមានតម្រូវការចរចាជាមួយគណបក្សណាដែរ។ តម្លៃនៃសេរីភាព និងប្រជាធិបតេយ្យត្រូវបានចែង និងធានាដោយរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣»។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា «ស្ថាបនិកទាំងពីររូប ហ៊ុន សែន-សីហនុ បានសម្រេចក្តីប្រាថ្នារបស់ជាតិនិងប្រជាជនគឺ ការកសាងសន្តិភាព និងឯកភាពជាតិ បង្កើតបានកម្ពុជាតែមួយក្រោមដំបូលរដ្ឋធម្មនុញ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រជាជនប្រមាណ ១៥លាននាក់ និងសេរីភាពដែលកំពុងទទួលបានបច្ចុប្បន្ន គឺជាសក្ខីភាពនៃការសងសឹក ទៅលើរបបប្រល័យពូជសាសន៍ ដែលបានសម្លាប់រង្គាលប្រជាជនលើសពី ២លាននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។
ឯកឧត្តមបានបន្ថែមទៀតថា «កម្ពុជាឆ្លងកាត់ដំណាក់កាលរក្សាសន្តិភាព កសាងសន្តិភាព និងបច្ចុប្បន្នគឺកំពុងជំរុញសន្តិភាពឲ្យ បានស្ថិតស្ថេរយូរអង្វែង សំរាប់គ្រប់ជំនាន់តទៅ។ ដូច្នេះគណបក្សនយោបាយទាំងអស់ក៏ដូចអ្នកនយោបាយ និងប្រជាជនគ្រប់រូបត្រូវរួមគ្នាគោរពនិតិរដ្ឋ និងសមិទ្ធិផលសន្តិភាព ដែលទទួលបានដោយលំបាក និងការលះបង់ដ៏ធំធេងរបស់កងទ័ព និងប្រជាជនជាច្រើនជំនាន់មកហើយ។ សូមក្តីចងចាំស្មារតី ៧មករា និង២៣តុលា មាននៅក្នុងអារម្មណ៍ខ្មែរគ្រប់ប្រាណ លើគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីសេចក្តីរុងរឿងរបស់ប្រទេសកម្ពុជា»៕