ក្រសួងបរិស្ថាន ផ្សព្វផ្សាយ ការបន្ស៊ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី ក្រោមគម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍


នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បានរៀបចំការបណ្តុះបណ្តាលស្តីពី “ការបន្ស៊ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី” តាមរយៈគម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ក្រោមកិច្ចគាំទ្រហិរញ្ញប្បទានពីមូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ADB។

នៅក្នុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលានេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្រ្តសម្រាប់ភាពធន់នឹងអាកាសធាតុបានបង្ហាញថា៖ ការប្រែប្រួលអាកាសធាតុ បានក្លាយជាបញ្ហាស្នូលផ្នែកបរិស្ថានរបស់ប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល ដែលបង្កការព្រួយបារម្មណ៍យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម បានបន្ថែមថា ការកើនឡើងសីតុណ្ហភាពបរិយាកាសផែនដី ការផ្លាស់ប្តូរកម្រិតនិងរបាយទឹកភ្លៀង ការផ្លាស់ប្តូររលកកម្តៅ និងល្បឿនខ្យល់បក់ បានបង្កឱ្យប្រទេសកម្ពុជាយើងជួបនូវគ្រោះមហន្តរាយធម្មជាតិផ្នែកអាកាសធាតុជាបន្តបន្ទាប់ ជាពិសេសគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ សត្វល្អិតបំផ្លាញដំណាំជាដើម ហើយគ្រោះមហន្តរាយទាំងនេះ អាចនឹងកើតឡើងកាន់តែញឹកញាប់ទៅៗ និងមានកម្លាំងកាន់តែខ្លាំងឡើងៗនាពេលអនាគត។
ឯកឧត្តមបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង សា្ថប័នពាក់ព័ន្ធផ្សេងៗទៀត អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន គឺបានសហការរៀបចំជាគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តជាតិ ផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការសកម្មភាពឆ្លើយតបកាប្រែប្រួលអាកាសធាតុ និងបានអនុវត្តនូវកម្មវិធី គម្រោង និងសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុជាច្រើនមកហើយដែរ។
សូមបញ្ជាក់ថា ហានិភ័យអាកាសធាតុ ការគិតគូរពីការបន្ស៊ាំ និងពង្រឹងភាពធន់នឹងអាកាសធាតុ គឺត្រូវបានពិចារណាទាំងក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងក្នុងការអនុវត្តជាក់ស្តែង និងចូលរួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០១៤-២០២៣។ នៅក្រោមកម្មវិធីយុទ្ធសាស្រ្តសម្រាប់ភាពធន់នឹងអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ គឺបានកំពុងអនុវត្តគម្រោងវិនិយោគចំនួន៧ ក្រោមកិច្ចគាំទ្រហិរញ្ញប្បទានពីមូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់កិច្ចអន្តរាគមន៍ក្នុងការពង្រឹងភាពធន់ក្នុងវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះដែរ គម្រោង TA៨១៧៩-CAM (គម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិឌ្ឍន៍) បាននឹងកំពុងអនុវត្តក្រោមការសម្របសម្រួល ពីនាយកដ្ឋានប្រែប្រួលអាកាសធាតុផងដែរ៕