ខេត្តសៀមរាបរៀបចំពិធីអបអរសាទរខួបលើកទី៤០ នៃជ័យជម្នះ ៧ មករា ដែលខេត្តតែងតែប្រារព្ធនៅថ្ងៃទី១០ មករា ដោយថ្ងៃនេះជាថ្ងៃដែលទីរួមខេត្តត្រូវបានរំដោះពីរបបពលពត


ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ ខេត្តសៀមរាបបានរៀបចំប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ស្មារតីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០១៩ នៅបរិវេណព្រះអង្គក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សត គរុសិស្ស កម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ប្រជាពលរដ្ឋ និងវិស័យឯកជនប្រមាណជាង១០ពាន់១៣៤នាក់។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង អំពីសមទ្ធិ ផលដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤០ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជំនះ៧មករា បានកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលឆ្លើយតបទៅតាមសំណូមពរ និង បំណងប្រាថ្នារបស់ប្រជាជជន ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែង ថា ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលីកម្មក្នុងបុព្វ ហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ទោះបីរយៈពេល ៤០ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិ ខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក។ សម្តេចពិជ័សេនាក៏បានគូសបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ កម្ពុជាយើងទើបបានសម្ពោធ វិមានឈ្នះឈ្នះ ដែលជាខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ របស់ រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

ក្នុងនោះដែរសម្តេចពិជ័យសេនាបានបន្តថា រយៈពេល ៤០ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទីចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និង បានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិប តេយ្យ សហប្រតិបត្តិការ និង អភិវឌ្ឍន៍។ ថ្វីបើយើងបានកំពុងរស់នៅយ៉ាងសុខសាន្ត និង មានមោទនៈភាពចំពោះសមទ្ធិផលលើគ្រប់វិស័យ ដែលយើងសម្រេចបានមកដល់ពេលនេះក្តី ក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ ខ្លោចផ្សាពីអតីតកាល ដែលធ្វើឲ្យប្រជាជាតិ យើងស្ទើរតែត្រូវវិនាសសូន្យ។ ស្មារតីជ័យជម្នះ៧មករា១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាននៃការគួបផំ្សយ៉ាង ស្អិតរមួត រវាងកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះត្រូវបន្តទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មកវិញ ហើយត្រូវបានចាត់ទុកជានិច្ចក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ជនរួមជាតិទាំង អស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ ព្រមទាំងបានថ្លែងអំណរគុណ ដល់ជនរួមជាតិ ដែលបានគាំទ្រលើការដឹកនាំរយៈពេល៤០ឆ្នាំមកនេះ។ សម្តេចពិជ័យសេនា ប្រកាសថា សម្តេចប្រមុខរដ្ឋសភា រដ្ឋសភា និងរាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្តថែមទៀត៕