សម្តេចភក្តី សាយ ឈុំ អញ្ជើញ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ។
៣- កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ។
ជាលទ្ធផល អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានអនុម័តយល់ព្រមតាមសំណើ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដាក់សេចក្តីស្នើច្បាប់ក្នុងរបៀបវារៈទី១ នឹងទី២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ដោយចាត់ទុកជាការប្រញាប់ និង អនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០ ដោយមានរបៀបវារៈ៖
១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ៕