ប្រធានក្រុមការងារចុះជួយ​ក្រុងស្វាយរៀង ចុះពិនិត្យការស្ថាបនាផ្លូវលំមួយខ្សែនៅសង្កាត់ចេក ក្រុងស្វាយរៀង


(ស្វាយរៀង)៖ លោក ជុក មុន្នី ​ប្រធានក្រុមការងារចុះជួយមូល​ដ្ឋាន​ក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យ ​ការស្ថាបនាផ្លូវលំ១ខ្សែ មានប្រវែង១,១៤៥ម៉ែត្រ ចំណាយថវិកា​អស់ជាង២៤លានរៀល ដែលជាឧបត្ថម្ភគាំទ្រថវិកា​ពី​ក្រុមការងារចុះជួយក្រុង និងសង្កាត់ ព្រមទាំង​ការចូលសហការពី ប្រជាពលរដ្ឋ ទាំងថវិកា​ និងដីស្រែផងដែរ។

លោក ជុក មុន្នី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែ​លមានដីស្រែនៅសងខាងផ្លូវលំនេះ ដែលបានបរិចាកដីស្រែ បង្ក​លក្ខណៈងាយស្រួលដល់ការស្ថាបនាផ្លូវ បានដោយរលូន និងទទួលបានផ្លូវមួយនេះ ទុកជាចំណងដៃនៅដើមឆ្នាំ២០១៩នេះ។

ប្រធានក្រុមការងាររូបនេះ បានបញ្ជាក់ថា ការអភិវឌ្ឍតែងតែធ្វើជាបន្តបន្ទាប់ទៀតទាំងថវិការរបស់​រដ្ឋ ទាំងថវិកា​ចូលរួមពីក្រុមការងារ និងថវិកា​បដិភាគពីប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឲ្យមានផ្លូវ​ល្អ ងាយស្រួលក្នុងការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ សិស្សានុសិស្សមិនចំណាយពេលយូរ។

លោក ជុក មុន្នី ​បន្តទៀតវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលមាន ទឹក ភ្លើង ផ្លូវ ធនធាន​មនុស្ស ធ្វើយ៉ាងឲ្យវិស័យទាំង​៤ ដំណើរទៅដោយរលូន ឥឡូវដូចជានៅខេត្តស្វាយរៀង យើងការអភិវឌ្ឍរីកចម្រើនឥតឈប់មានទាំងរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្របយកកម្មករ កម្មការិនី រាប់ម៉ឺននាក់ការបន្ថយភាព​ក្រីក្របានមួយកម្រិត និងកាត់បន្ថយចំណាកស្រុក ដោយប្រថុយប្រថានផងដែរ។

មួយវិញទៀត ផ្លូវនៅតាមមូលដ្ឋានក្រុងស្វាយរៀងនាពេលនេះ មានទាំងផ្លូវ កៅស៊ូ​ ចាក់បេតុង និងផ្លូវលំហើយនៅពេលខាងមុខ នឹងមានផ្លូវបេតុងរឹតតែច្រើនឡើង សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារទាំងថវិកា​ក្តី និងផលប៉ះពាល់​ក្តី ព្រោះបើគ្មានការចូលពីប្រជាពលរដ្ឋទេ ក៏អាជ្ញាធរមិនអាចធ្វើកិច្ចការងារអភិវឌ្ឍបានដែរ ​ពោល​ត្រូវមានការចូលទាំងអស់គ្នា។​

លោក ជុក មុន្នី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែ ត្រូវនាំគ្នាថែរក្សាឲ្យបានយូរអង្វែងដើម្បីជាប្រយោជន៍រួម ខណៈដែលមានសំបុកមាន់ នៅលើផ្លូវនេះនាំគ្នា ជួយយកដីលុបក្នុងន័យការចូលរួមថែទាំទាំងអស់គ្នា៕​