(កណ្តាល)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ឲ្យរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីពង្រីកការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាក្នុងស្រុកកោះធំឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩ – ២០១៩) ដែលប្រព្រឹត្តទៅនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិកសមាជិការគណបក្សស្រុក អាជ្ញាធរដែនដី មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៥៣៩នាក់។
ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំរូបនេះ បានលើកឡើងថា ក្រោយថ្ងៃ៧ មករា សមិទ្ធផលជាច្រើនបានកសាងឡើង ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ។ សមិទ្ធផលទាំងនោះមានដូចជា៖ ផ្លូវបេតុងក្នុងភូមិខ្វាត់ខ្វែង ផ្លូវជាតិលេខ២១ ស្ពានកោះធំ ស្ពានជ្រៃធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម កីឡដ្ឋាន រោងចក្រសហគ្រាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
«សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាលីករដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រុករកទីផ្សារសម្រាប់លក់ផលិតផល និងបង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមានជីវភាពធូរធារសម្បូរសប្បាយ។ យើងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចូលរួមបន្តការការពារសុខសន្តិភាពនេះឱ្យបានគង់វង្សជាអមតៈ ដើម្បីកសាង អភិវឌ្ឍសង្គមជាតិ និងទុកជាកេរ្តិ៍មរតកជូនកូនចៅជំនាន់ក្រោយៗបន្តការអភិវឌ្ឍឱ្យប្រទេសមានការរីកចម្រើនជាលំដាប់»។ នេះជាការអំពាវនាវ និងគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទៅកាន់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា ថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងពិធីនោះតំណាងយុវជនក្នុងស្រុកកោះធំ បានសម្តែងការសាទរចំពោះពិធីខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា និងបានសម្តែងនូវការដឹងគុណ ក្នុងការសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការដឹកនាំសង្គមជាតិឱ្យមានសុខសន្តិភាពឆ្ពោះទៅកាន់ការរីកចម្រើនជាលំដាប់។ ជួសមុខឱ្យយុវជនទាំងអស់ តំណាងយុវជនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែរក្សាឱ្យបានគង់វង្សនូវសមិទ្ធផលដែលសម្រេចបាន និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រកបដោយគតិបណ្ឌិត។
ជាមួយនឹងអបអរសាទរដល់ថ្ងៃរស់រានមានជីវិតជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានប្រកាសអំពីការរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងហែលទឹកនៅក្នុងស្រុកកោះធំ និងបានជំរុញដល់យុវជនឱ្យចូលរួមក្នុងការហ្វឹកហាត់រៀនហែលទឹក ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនៅកម្មវិធីប្រកួតកីឡាស៊ីហ្គែមនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕