ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវដល់ប្រជាពលរដ្ឋ ទៅទទួលសេវាពិនិត្យព្យាបាល ដោយឥតគិតថ្លៃ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង១រសៀលតទៅ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះថា នៅថ្ងៃទី១៧ ខែ មករា ខាងមុខនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នឹងដឹកនាំក្រុមការងារចុះជួយខណ្ឌសែនសុខ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ប្រធានមន្ទីរសុខាភិបាល បានថ្លែងបន្ដថា ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកតែងតែជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ ត្រូវសហការគ្នា ជួយពង្រឹងវិស័យសុខាភិបាល កាន់តែប្រសើរទាំងគុណភាព និងគិលានុបដ្ឋានជូនប្រជាពលរដ្ឋ ពិសេសបង្ខិត សេវាព្យាបាលនេះឲ្យកាន់តែខិតជិតផ្ទះរបស់ពួកគាត់។
លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងបន្ថែមថា ដើម្បីលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋនៅឆ្នាំ២០១៩នេះ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានពង្រីកចំនួន៤៣ទីតាំង នៅរាជធានី ភ្នំពេញ ដើម្បីបង្ខិតសេវាកម្មពិនិត្យព្យាបាលនេះ ឲ្យកាន់តែជិតផ្ទះរបស់ប្រជាពលរដ្ឋ ដោយពួកគាត់ ចំណាយពេលយូរបំផុតជាង១០នាទីប៉ុណ្ណោះ នឹងមកដល់មណ្ឌលសុខភាព ពិសេស នឹងចុះទៅព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែញឹកញាប់ថែមទៀតផង៕