ជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជានិងកាណាដា


ថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជានិងកាណាដា ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្ដម ម៉ៃឃើ ចាន់ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានដឹកនាំគណៈប្រតិភូកាណាដា។

ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា និងស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ ក៏ដូចជា ដើម្បីជាឱកាសសម្រាប់គណៈប្រតិភូធុរកិច្ចទាំងពីរបង្កើតទំនាក់ទំនងធុរកិច្ចល្អ និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាក្នុងវិស័យអាទិភាពរៀងខ្លួន។ សូមជម្រាបផងដែរថា គណៈប្រតិភូធុរកិច្ចកាណាដាខាងលើ មានចំនួនសរុប ១៦ នាក់ មកពីចម្រុះវិស័យ ដូចជា ការអប់រំ បច្ចេកវិទ្យា អចលនទ្រព្យ ។ល។

នៅក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា បានលើកឡើងអំពីការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យ និងបរិយាកាសសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនផលិតផលក្នុងស្រុកសរុប ៧.៦% រួមទាំងការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ក៏បានស្នើភាគីកាណាដា ជួយសម្របសម្រួល និងជំរុញឱ្យមានស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល និងពន្លឿនការស្នើសុំទិដ្ឋាការរវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និង កាណាដា ដែលទាំងនេះជាកត្តាសំខាន់មួយក្នុងការជំរុញសកម្មភាព និងទំនាក់ទំនងរវាងកម្ពុជា-កាណាដា ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការវិនិយោគផ្ទាល់ពីបរទេស ។ល។

ជាការឆ្លើយតប ឯកឧត្ដម ម៉ៃឃើ ចាន់ បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់អ្នកឧកញ៉ា និងសម្ដែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការជួយជំរុញយ៉ាងណាឱ្យសំណើនេះលេចជារូបរាងឡើង ពីព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ ឯកឧត្ដម ក៏បានស្នើសុំឱ្យអ្នកឧកញ៉ា ជួយជំរុញឱ្យមានការិយាល័យតំណាងរបស់សភាពាណិជ្ជកម្មកម្ពុជានៅកាណាដា ដើម្បីជួយសម្រួលទំនាក់ទំនងធុរកិច្ចរវាងធុរជនកម្ពុជានិងកាណាដា ក៏ដូចជា ប្រជាជនកម្ពុជារស់នៅទីនោះប្រហែលចំនួន១០ម៉ឺននាក់ផងដែរ។ ជាការឆ្លើយតប អ្នកឧកញ៉ា បានសម្ដែងការគាំទ្រ ព្រមទាំងនឹងស្នើសុំទៅក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំទៅតាមនីតិវិធី។

ជាចុងក្រោយនៃជំនួបនេះ គណៈប្រតិភូទាំងពីរភាគីបានផ្លាស់ប្ដូរនាមបណ្ណ និងចាប់ដៃគូគ្នាទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការអនាគត។