អនុប្រធានាធិបតីឥណ្ឌូណេស៊ី និង​ លោកជំទាវ ទស្សនាប្រាសាទបន្ទាយស្រី


សៀមរាប​៖​ នៅព្រឹកថ្ងៃទី១៥​ ខែមករា​ ឆ្នាំ​២០១៩​ នេះ​ ឯកឧត្តមឧកញ៉ា​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ និង​ លោកជំទាវ បានអញ្ជេីញអមដំណើរ ឯកឧត្តមបណ្ឌិត Jusuf Muhammad Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី និង​ លោកជំទាវ ព្រមទាំងគណៈប្រតិភូ ទស្សនាប្រាសាទបន្ទាយស្រី​ ខេត្តសៀមរាប។

ទស្សនកិច្ចនេះ​ ធ្វេីឡេីងបន្ទាប់ពី ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌូណេស៊ី​ និង​ គណៈប្រតិភូ​ បានអញ្ជេីញមកដល់កម្ពុជាកាលពីរាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុងសៀមរាប ដេីម្បីចូលរួមវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាវេទិកាលើកដំបូងគេ ត្រូវបានប្រទេសសមាជិកផ្តល់ទំនុកចិត្តជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះដំបូងគេ។

គួរបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ដែលត្រូវបានអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦​ ប្រទេសនៅទូទាំងអាស៊ី ក្រោមការដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP៕