សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមជា គណៈអធិតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាសុី-ប៉ាសុីហ្វីក


ព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៩:៤៥នាទី នៅសណ្ឋាគារ សុខា សៀមរាប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លិះ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាសុី-ប៉ាសុីហ្វីក ក្រោមមូលបទ “ ការពង្រឹងភាពជាដៃគូរសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” ។
សម្តេច ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងថា ៖ ” ការពង្រឹងភាពជា ដៃគូសភា ដើម្បឺសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ” មានសារៈសំខាន់ និងឆ្លុះបញ្ចាំងអំពីគោលបំណងស្នូលនៃការបង្កើត វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក
មូលបទ នៃកិច្ចប្រជុំនេះ បានផ្សារភ្ជាប់ជាមួយបរិការណ៍ពិភពលោក និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម បច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សម្តេចភក្តី មានប្រសាសន៍បន្តទៀតថា ” សន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍ ពិតជាមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះឡើយ  ” ការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចសម្រេចបានដោយគ្មានសន្តិភាព និងសន្តិសុខឡើយ ហើយសន្តិភាព និងសន្តិសុខ នឹងប្រឈមជាមួយហានិភ័យ បើគ្មានការអភិវឌ្ឍប្រកបដោយចីរភាព ” ក្នុងស្មារតីនេះ សភាកម្ពុជា ដែលតំណាង ឱ្យឆន្ទៈប្រជាជាតិកម្ពុជាទាំងមូល បានដើរតួនាទីដ៏សំខាន់ ក្នុងកិច្ចការពារ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ការអនុម័តច្បាប់នានា និងគាំទ្រវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យភាព អធិបតេយ្យភាព និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន ព្រមទាំងអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនិតិរដ្ឋ ឱ្យស្របនឹងសំណូមពរ តម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ។
សម្តេច បានបន្តថា ភាពជាដៃគូសភា តាមរយៈការបង្កើនយន្តការសន្ទនាឲ្យបានច្រើន តាមរូបភាពទ្វេភាគី និងពហុភាគី ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន​ ផ្លាស់ប្តូរទស្សនៈនយោបាយ លើបញ្ហាប្រឈមទាំងឡាយក្នុងកម្រិតតំបន់ និងសកលលោក ហើយពាំនាំកង្វល់ទាំងនេះ មកធ្វើការពិគ្រោះយោបល់ជាមួយ ផ្នែកនីតិប្រតិបត្តិ ឬធ្វើសេចក្តីស្នើច្បាប់នានា ដែលចាំបាច់ដែលបម្រើឲ្យផលប្រយោជន៍សង្គម និងផលប្រយោជន៍របស់ប្រជាជន នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ ការអភិវឌ្ឍរួមក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកទាំងមូលផងដែរ។
ក្នុងន័យនេះ សភាកម្ពុជា សូមលើកទឹកចិត្ត ឲ្យបង្កើនការសន្ទនា ដោយស្មារតីសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងតួអង្គពាក់ព័ន្ធនានា លើបញ្ហាសន្តិសុខ អន្តោប្រវេសន៍ បញ្ហជម្លោះពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត លើមូលដ្ឋាននៃច្បាប់អន្តរជាតិ តាមរយៈយន្តការដែលមានស្រាប់។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងទៀតថា សភានៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ត្រូវជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីផ្លាស់ប្តូរទស្សនៈផ្នែកច្បាប់ គោលនយោបាយជាតិ និងផ្លាស់ប្តូរទស្សនៈអំពីការវិវត្តស្ថានការណ៍តំបន់ និងអន្តរជាតិ និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ វប្បធ៌ និងការផ្លាស់ប្តូរមនុស្សគ្នាទៅវិញទៅមក ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីពង្រឹងពង្រីក ដំណើរការសុខដុមនីយកម្ម និងប្រក្រតីនៃទំនាក់ទំនងគ្នាទៅវិញទៅមក លើគ្រប់វិស័យនិងគ្រប់កម្រិតផងដែរ។