ស៊ុយអែត សម្រេចបន្តកិច្ចសហប្រតិបត្តិការ ផ្តល់ជំនួយបច្ចេកទេស ដល់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ផ្តោតទៅលើមុខព្រួញសំខាន់ៗចំនួន៤ !


កិច្ចប្រជុំកម្រិតអគ្គនាយក រវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងទីភ្នាក់ងារពន្ធដារស៊ុយអែត (Swedish Tax Agency – STA) ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី Katrin Westling Palm អគ្គនាយក នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ក្នុងឱកាសដែលលោកស្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៨ ខែមករា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទីមួយកម្រិត អគ្គនាយកនៃស្ថាប័នពន្ធដាររបស់ប្រទេសទាំងពីរ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផល នៃការអនុវត្តគម្រោងជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស៊ុយអែត។តាមរយៈកិច្ចប្រជុំទ្វេភាគីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលសារពើពន្ធប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់ បទពិសោធន៍ វឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងវិស័យសារពើពន្ធ។

គូសបញ្ជាក់ជាថ្មីផងដែរថា គម្រោងជំនួយបច្ចេកទេសសម្រាប់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈទីភ្នាក់ងារពន្ធដារស៊ុយអែត ត្រូវបានចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ០៣ឆ្នាំ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយផ្តោតទៅលើផ្នែក០៣ រួមមាន៖(១) ផ្នែកហានិភ័យក្នុងវិស័យនៃការទូទាត់សាច់ប្រាក់ (Compliance Risk Management/Cash Sector) (២) ផ្នែករៀបចំសិក្សាពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax-PIT) និង (៣) ផ្នែកសេវាអ្នកជាប់ពន្ធ (Taxpayer Services)។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូក៏បានចុះទស្សនកិច្ចផ្ទាល់នៅរដ្ឋបាលសារពើពន្ធកម្ពុជា ដែលរួមមាន សាលាជាតិពន្ធដារ, ការិយាល័យចុះបញ្ជីពន្ធដារ, មជ្ឈមណ្ឌលផ្តល់សេវាពិគ្រោះយោបល់តាមទូរស័ព្ទ (Call Center), មជ្ឈមណ្ឌលបំផ្លែងទិន្នន័យ (Data processing center), និង មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (Data center)។

ឆ្លៀតឱកាសនេះផងដែរ លោកអគ្គនាយក គង់ វិបុល ក៏បានលើកទ្បើងអំពីការដាក់ឱ្យអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនទ្បាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាកំណែទម្រង់ថ្មីមួយ នៅដើមឆ្នាំ២០១៩នេះ ដែលអគ្គនាយកដ្ឋានពន្ធដារបានរៀបចំទ្បើង ដើម្បីសម្រួលដល់ការផ្តល់សេវា ជូនអ្នកជាប់ពន្ធដែលមានបំណងស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ពិសេស ជាមធ្យោបាយដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមចំណែក ដល់ការគ្រប់គ្រងនិងប្រមូលចំណូលពន្ធ។

ជាលទ្ធផលកិច្ចប្រជុំកម្រិតអគ្គនាយកនៃស្ថាប័នពន្ធដាររបស់ប្រទេសទាំងពីរ រដ្ឋបាលសារពើពន្ធស៊ុយអែតបាន សម្រេចបន្តកិច្ចសហ្រតិបត្តិការលើការផ្តល់ជំនួយបច្ចេកទេស ដំណាក់កាលទី២ ឆ្នាំ២០២០-២០២២ (Phase II) ដល់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតទៅលើមុខព្រួញចំនួន៤រួមមាន៖

១៖ ការគ្រប់គ្រងហានិភ័យក្នុងវិស័យនៃការទូទាត់សាច់ប្រាក់ (Cash Sector)។

២៖ សេវាអ្នកជាប់ពន្ធ ដែលរួមមានការអប់រំអ្នកជាប់ពន្ធអំពីពន្ធដារ ដែលនឹងចូលរួមចំណែកក្នុងការប្រែក្លាយរូបភាព នៃរដ្ឋបាលសារពើពន្ធដែលមជ្ឈដ្ឋានមួយចំនួនតូចយល់ថា ជាអ្នកប្រមូលពន្ធដែលធ្វើឱ្យអ្នកជាប់ពន្ធមានការភ័យខ្លាច មកជា អ្នកប្រមូលពន្ធដែលមានប្រជាប្រិយភាព ប្រកបដោយជំនឿទុកចិត្ត និងពេញចិត្តក្នុងការបង់ពន្ធ និងការអភិវឌ្ឍគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ។

៣៖ ការសិក្សាលើផលប៉ះពាល់នានា ក្នុងការអនុវត្តពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax) និងពន្ធលើប្រាក់ចំណូលចំពោះប្រាក់ចំណេញមូលធន (Capital Gains Tax)។

៤៖ ការផ្តោតជាសំខាន់លើសហគ្រាសជាអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច ក្នុងគោលដៅជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងវប្បធម៌ក្នុងការបង់ពន្ធ ព្រមទាំងធានាបាននូវការប្រកួតប្រជែង ដោយស្មើភាព (Level Playing Field) ក្នុងការប្រកបអាជីវកម្ម។

លោកអគ្គនាយក គង់ វិបុល បានថ្លែងអំណរគុណចំពោះ លោកស្រី Katrin Westling Palm និងគណៈប្រតិភូជាន់ខ្ពស់ពន្ធដារស៊ុយអែត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចនៅអគ្គនាយកដ្ឋានពន្ធដារ ពិសេស ថ្លែងអំណរគុណចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារពន្ធដារស៊ុយអែត តាមរយៈការគាំទ្រ និងបន្តផ្តល់គម្រោងជំនួយបច្ចេកទេស ដល់អគ្គនាយកដ្ឋានពន្ធដារ។

លោកស្រី Katrin Westling Palm និងគណៈប្រតិភូជាន់ខ្ពស់ពន្ធដារស៊ុយអែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននៃប្រទេសទាំងពីរ និងទទួលស្គាល់អំពីការរីកចម្រើន និងលទ្ធផលដ៏ល្អប្រសើរមៃ ការធ្វើទំនើបកម្មរបស់រដ្ឋបាលសារពើពន្ធនៃកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ ចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំបដិសណ្ឋារកិច្ច ជូនចំពោះគណៈប្រតិភូនៃប្រទេសស៊ុយអែត យ៉ាងកក់ក្តៅ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ៕