រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវគ្គផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស ដើម្បីធានាបានថាសាលាជាកន្លែងដែលគ្មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រោះគ្រឿងញៀននឹងបំផ្លាញដល់អនាគតរបស់យុវជន។
វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិ។ ក្នុងឱកាសនោះឯកឧត្តមបាន ផ្តាំផ្ញើដល់យុវជន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដឹង ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន៕