រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញពីភាពជាដៃគូនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ជាមួយរដ្ឋាភិបាល ចិន និងវិស័យឯកជន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមគម្រោងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍។
ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះបានធ្វើកិច្ចពិភាក្សាស្ដីពីគម្រោងសាកល្បងសំខាន់ៗ រវាងរដ្ឋាភិបាលកម្ពុជា និងចិន លើការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ព្រមទាំងដើម្បីស្វែងយល់ពីតម្រូវការរបស់កម្ពុជា ពាក់ព័ន្ធនឹងការបណ្តុះបណ្ដាល ICT និងការធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕