ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ក្រសួងកសិកម្កំពុងធ្វើកំណែទម្រង់តាមរយៈការជំរុញយន្តការ ទំនើបកម្មកសិកម្ម ម


(ហ្វីលីពីន)៖ ថ្លែងចេញពីប្រទេសហ្វីលីពីន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ និងឌីជីថលរូប្បនីកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងធ្វើកំណែទម្រង់ តាមរយៈការជំរុញយន្តការ ទំនើបកម្មកសិកម្ម និងយន្តូបនីយកម្មកសិកម្ម។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម វេង សាខុន ដឹកនាំគណៈប្រតិភូក្រសួង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ariel Cayana អនុរដ្ឋមន្ត្រី នៃក្រសួងកសិកម្មហ្វីលីពីន នៅទីស្តីការក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។

ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ទៀតថា ជាមួយនឹងការឆ្លើយតបទៅនឹងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ទាមទារឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនសមត្ថភាព បន្តផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹង និងពង្រីកចំណងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាដៃគូ និងដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្តមរដ្ឋមន្ដ្រីបានបន្ដថា ស្តែងចេញពីទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីននេះ ផ្តោតជាសំខាន់ លើការដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ នៃយុទ្ធសាស្រ្តពូជដំណាំ ដើម្បីស្រាវជ្រាវ និងផលិតពូជស្របតាមតម្រូវចិត្ត និងតម្រូវការទាំងទីផ្សារក្នុងស្រុក និងពិភពលោក។

ក្នុងនោះផងដែរ រួមជាមួយការបន្តជំរុញថែមទៀត ក្នុងការសាកល្បង និងប្រើប្រាស់ប្រព័ន្ធ Remote Sensing តាមផ្កាយរណប SAR ដើម្បីពិនិត្យ ក៏ដូចជាតាមដាននូវស្ថានភាព នៃការងារបង្កបង្កើនផល គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងកំណត់តំបន់ដាំដុះ។ នេះជាការបញ្ជាក់បន្ថែម របស់លោក វេង សាខុន។

សូមជម្រាបថា ជំនួបពិភាក្សាការងារ ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងជំរុញបន្ថែម នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន ដែលភាគីទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា កាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៥។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានយកប្រធានបទ ចំនួន៤ ដើម្បីលើកយកមកពិភាក្សា​៖

* ទី១៖ បន្តជំរុញការអនុវត្តខ្លឹមសារ នៃអនុស្សារណៈ នៃការយោគយល់គ្នា
* ទី២៖ ផ្តល់កិច្ចសហការ ក្នុងការសាកល្បង និងប្រើប្រាស់ប្រព័ន្ធ Remote Sensing
* ទី៣៖ ការផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ស្តីពី សុវត្ថិភាពអាហារ
* ទី៤៖ ការលើកកម្ពស់សមត្ថភាព មន្ទីរពិសោធន៍កសិកម្ម ស្តីពីសុខភាពសត្វ និងដំណាំ ជាពិសេសការវិភាគសំណល់ថ្នាំកសិកម្ម៕