អគ្គនាយិកាអង្គការយូណេស្កូ៖ អង្គរតែងតែស្ថិតនៅក្នុងបេះដូងរបស់ខ្មែរគ្រប់ៗរូប


ឆ្លៀតក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការខួបលើកទី ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចតាមការដ្ឋានជួសជុល តាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយមានការអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូ។

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ បានអញ្ជើញស្វែងយល់ពីការជួសជុលនៅការដ្ឋានមួយចំនួនក្នុងប្រាសាទអង្គរវត្តដូចជា ការដ្ឋានសាកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន និងការដ្ឋានគម្រោងអភរិក្សអាល្លឺម៉ង់-អប្សរា (GACP) ប្រទេសអាល្លីម៉ង់ ពិសេសគម្រោងអភិរក្សជួសជុលរបស់អាជ្ញាធរជាតិអប្សរានៅអង្គរវត្ត។ ដោយឡែក នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ បានអញ្ចើញពិនិត្យការដ្ឋានជប៉ុន-អប្សរា (JASA) នៅប្រាសាទបាយ័ន្ត ការដ្ឋានរបស់ប្រទេសឥណ្ឌា (ASI) នៅប្រាសាទតាព្រហ្ម និងចុះពិនិត្យការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរានៅប្រាសាទនាគព័ន្ធ។

ក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទហើយនោះ លោកជំទាវអគ្គនាយិកា និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាក៏បានពិភាក្សា ពន្យល់ទៅលើការងារគ្រប់គ្រង ការអភិរក្សទូទៅ និងការបណ្តុះបណ្តាលធនធានមនុស្ស។

លើសពីនោះទៀត លោកជំទាវក៏មានចំណាប់អារម្មណ៍ថា ទេសចរដែលមកទស្សនាតំបន់អង្គរ ពិសេសគឺមរតកវប្បធម៌អរូបី ដោយបានស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ ប្រាសាទការធ្វើបុណ្យ ការគោរពបូជាព្រះ ការដោះស្បែកជើងពេលដើរលើប្រាសាទ ដោយសង្កត់ធ្ងន់ថា «អង្គរតែងតែស្ថិតនៅក្នុងបេះដូងរបស់ខ្មែរគ្រប់ៗរូប និងសូមឲ្យទេសចរអន្តរជាតិគោរពនូវទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា»៕