ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦–តាមប្រភពពីបេសកជនពិសេស របស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសថៃ បានអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់គ្នា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ ដែលនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន អន្តរជាតិណូយបៃ (Noi Bai) ទីក្រុងហាណូយ កាលពីវេលាម៉ោង៩និង៤៥នាទី ក្រោមវត្តមាន នៃការអញ្ជើញធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូប។
ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេស ACMECS សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា គន្លឹះចំនួន៤ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕
សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទៅដល់ទីក្រុងហាណូយដោយសុវត្ថិភាព
