បន្ទាយមានជ័យ ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន ២,២៤៦នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងវរសេនាតូចថ្មើរជើងលេខ ៥១៤ ចំណុះកងពលតូចថ្មើរជើងលេខ ៥១ នៅភូមិថ្មដែកកេះ ឃុំបន្ទយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយមានការចូលរួមពី ឯកឧត្តម សួន បវរ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវតំណាងរាស្ត្រ នូម សោភ័ណ្ឌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ។
លោកជំទាវបន្តថា សម្តេចតេជោ តែងតែគិតគូរយកចិត្តទុកដាក់ជាមួយពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកជំទាវ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានសម្របសម្រួលឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ បានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ ព្រមទាំងពិនិត្យ វាស់ភ្នែកចែកជូនវែនតាសម្រាប់ លោកយាយ លោកតា ចំនួន ៣៥០គ្រឿង ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសូមជូនពរក្រុមគ្រួសារសម្តេចតេជោ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត។