ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៩,៨៨២ម៉ែត្រ ទទឹង ១១ម៉ែត្រ លូ ០៤កន្លែង ត្រូវបានបើកការដ្ឋានជួសជុលជូនប្រជាពលរដ្ឋ


នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ក្រោយពីបានអញ្ជើញចូលជាអធិបតីភាពក្នុងមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជំនះ០៧មករា នៅឃុំបាតាង ស្រុកលំផាត់ រួចមក ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៩,៨៨២ម៉ែត្រទទឹង ១១ម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ផ្លូវមួយខ្សែនេះ បានតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ឃុំបាតាង ទៅកាន់ទីប្រជុំជនអូរសុិនឡែរិ៍ ឃុំកាឡែង ស្រុកលំផាត់ ដំណើរការអនុវត្តការជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយគ្រោងនឹងបញ្ចប់នាខែឧសភា ឆ្នាំ២០១៩ខាងមុខ។
ជាមួយនឹងការសម្ពោធបើកការដ្ឋានជួសជុលនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអំពាវនាវស្នើឲ្យប្រជាពលរដ្ឋកុំរំលោភយកដីចំណីផ្លូវ និងតាំងទីលំនៅឆ្ងាយពីចិញ្ចើមផ្លូវដែលបានកំណត់ ហើយត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះទុកជាមរតកសម្រាប់មនុស្សគ្រប់ជំនាន់ ។ ឯកឧត្តមបានជំរុញការងារជួសជុល សាងសង់ឲ្យបានទាន់ពេលវេលានូវផ្លូវដែលរងការខូចខាតកាលពីរដូវវស្សាកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ ។