ឯកឧត្តម ចាន់ យុត្ថា បានចុះដោះស្រាយទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរី


ព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះដោះស្រាយទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរី ពិសេសបណ្តាឃុំដែលនៅផ្នែកខាងក្រោម ដូចជាឃុំគយម៉ែង តាឡំ សំបួរ និងឃុំស្រះរាំង ។

លោកអភិបាលស្រុកបានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ មានបណ្តាឃុំមួយចំនួនបានចាប់ផ្តើមប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ព្រោះថាទឹកស្ទឹងដែលមានកន្លងមក ត្រូវបានប្រើប្រាស់សម្រាប់ដំណាំស្រូវស្ទើរតែទាំងស្រុង ។ លោកអភិបាលស្រុកបន្តថា គ្រាន់តែស្រុកមង្គលបូរីរបស់លោក បងប្អូនកសិករផលិតស្រូវប្រាំងរហូតដល់ទៅប្រមាណ ៥០.០០០ ហត គឺលើសពីផែការ និងការណែនាំរបស់ជំនាញច្រើនណាស់ កន្លែងខ្លះធ្វើ ០២ដង ឬ ០៣ ដងក៏មាន ។ លោកអភិបាលស្រុកបន្តថា រដ្ឋបាលស្រុក និងជំនាញពាក់ព័ន្ធក៏បានផ្សព្វផ្សាយណែនាំដែរ ប៉ុន្តែដោយសារឆ្នាំនេះស្រូវបានថ្លៃ ដូចនេះបងប្អូនក៏ចេះតែប្រឹងដាំដុះ ។ ទោះបីជាយ៉ាងណា ក៏យើងនៅតែប្រឹងជួយ ហេតុនេះហើយទើបពេលនេះទឹកក្នុងស្ទឹងត្រូវរីងដោយកន្លែង ។

ជាដំណោះស្រាយលើបញ្ហានេះ ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាឲ្យបើកទំនប់ទឹកនៅត្រង់ចំណុចឃុំឫស្សីក្រោក ដើម្បីទម្លាក់ទឹកទៅផ្នែកខាងក្រោមខ្លះ តែការបើកនេះមិនមែនបើកជាអចិន្ត្រៃយ៍ទេ ពោលគឺនៅពេលដែលផ្នែកខាងក្រោមទទួលបានទឹកសមល្មមហើយ យើងត្រូវបិទទំនប់នេះវិញភ្លាុម ហើយនៅពេលខាងក្រោមខ្វះជាថ្មី ទើបយើងបើកបញ្ជូនទៅទៀត ។ ការធ្វើដូចនេះ គឺដើម្បីសន្សំសំចៃទឹកទុកឲ្យបានល្អ ។