ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គណៈកម្មាធិការសហភាពអឺរ៉ុប (EU) បានសម្រេចយកពន្ធលើផលិតផល អង្ករកម្ពុជា គឺជារំលោភសិទ្ធិមនុស្ស


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គណៈកម្មាធិការសហភាពអឺរ៉ុប (EU) បានសម្រេចយកពន្ធលើផលិតផល អង្ករកម្ពុជា គឺជារំលោភសិទ្ធិមនុស្ស និងបង្កផលប៉ះពាល់ដល់ផល ប្រយោជន៍កសិករកម្ពុជា រាប់លាននាក់ដែលជាអ្នកក្រីក្រស្រាប់ ។

បើតាមគម្រោងគណៈកម្មការអឺរ៉ុប (EU) បានប្រកាសគិតពន្ធការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប នៅពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ។ ក្នុងនោះក្រសួងពាណិជ្ជកម្មនឹងធ្វើការតវ៉ាជាមួយការសម្រេចដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប(EU) កាលពីថ្ងៃ១៦ មករា បានប្រកាសថា ចាប់ពីថ្ងៃទី១៨ មករា ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងគិតពន្ធព្រោះការនាំចូលអង្កររបស់ប្រទេសទាំងពីរបានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា “EU ដែលបានសម្រេចយកពន្ធលើផលិតផលអង្ករកម្ពុជា គឺជារំលោភសិទ្ធិមនុស្ស និងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍កសិករកម្ពុជា រាប់លាននាក់ ដែលជាអ្នកក្រីក្រស្រាប់។ តើទង្វើនេះ ជាការគោរពសិទ្ធិមនុស្ស ឬជាការំលោភសិទ្ធិមនុស្ស”។

ឯកឧត្តមបន្តថា ទង្វើរបស់គណៈកម្មាធិការសហភាពអឺរ៉ុបនេះ គឺជាការរើសអើងក្នុងការធ្វើពាណិជ្ជកម្ម និងក៏ជាការក្បត់កិច្ចសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ។ តើការបោះបង់ចោលកិច្ចសន្យាជាទង្វើត្រឹមត្រូវឬទេ ក្នុងនាមជាប្រទេសស៊ីវីល័យនោះ ?

ឯកឧត្តមចោទជាសំណួរថា តើសហភាពអឺរ៉ុប សមជាប្រទេសប្រជាធិបតេយ្យដែរទេ? សរុបមក ទាំងគណៈកម្មាធិការអឺរ៉ុប និងបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងជាក់ស្តែង៕