ឯកឧត្តម សុខ ឥសាន បានលើកឡើងថា បើប្រៀបធៀបនឹងស្ថានភាព នៅបណ្តាប្រទេស លើពិភពលោកកម្ពុជា មិនមានលក្ខណៈធ្ងន់ធ្ងរ ខាងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បើប្រៀបធៀបនឹងស្ថានភាព នៅបណ្តាប្រទេស លើពិភពលោកកម្ពុជា មិនមានលក្ខណៈធ្ងន់ធ្ងរ ខាងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះទេ ដូច្នេះ​ការចោទថា នៅកម្ពុជា មានការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ គឺជាការមូលបង្កាច់ខុស ពីការពិតទាំងស្រុង ហេតុនេះនៅកម្ពុជា មិនមានការចាំបាច់ ត្រូវស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងមានការរីកចម្រើន នោះឡើយ​ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់តាមបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី២១ ខែមករានេះថា “ជាក់ស្តែងប្រទេសកម្ពុជា មិនត្រូវបានក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បញ្ចូលឈ្មោះ ទៅក្នុងបញ្ជីប្រទេស ដែលមានការំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅក្នុងពិភពលោកឡើយ​។ បញ្ហា​ចោទថា នៅកម្ពុជា មានការលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយនោះ ​វាគ្រាន់តែការចោទប្រកាន់ មានចរិតនយោបាយ ​ចេញពីមជ្ឈដ្ឋានប្រឆាំង តែប៉ុណ្ណោះ​ ដែលរួមមានអតីតបក្សប្រឆាំង ​និងមេក្លោង នៃអតីតបក្សប្រឆាំង ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ នៃរបបលោកខាងលិច​ ដែលកាន់ជើងកូនជឹងខ្លួន ប្រើពាក្យលាបពណ៌ មកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលគោរពនិងអនុវត្តច្បាប់ តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ​ហើយប៉ះពាល់ ដល់ផលប្រយោជន៏ របស់ពួកគេ​” ។

អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងបន្ថែមថា “បើអតីតបក្សប្រឆាំង មិនធ្វើខុសច្បាប់ ក៏គ្មានទោសដែរ​។ ដូច្នេះរឿងពាក់ព័ន្ធ នឹងអតីតបក្សប្រឆាំង គឺជារឿងផ្លូវច្បាប់ និងជារឿងផ្ទៃ ក្នុងរបស់កម្ពុជាសុទ្ធសាធ​។ កម្ពុជា មិនដែលបានយកទ័ព ទៅឈ្លានពានប្រទេសដទៃ ​មិនដែលបានទៅទម្លាក់គ្រាប់បែក លើប្រទេសដទៃ បណ្តាលឲ្យស្លាប់មនុស្ស រាប់សិបរាប់រយនោះឡើយ”៕