សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានធនាគារចិន


នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឆេន សុីឈីង (Chen Siqing) តំណាងធនាគារចិន។ ក្នុងជំនួបនោះ Chen Siqing បានបង្ហាញនូវក្តីរីករាយ ដែលទទួលបានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រីចូលជួបសម្តែងការគួរសម ជាពិសេសបានអរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលបានថ្លែងប្តេជ្ញាជំរុញការវិនិយោគបន្ថែមទៀត។

លោក Chen Siqing បានមានប្រសាសន៍ថា ធានាគាររបស់លោកបានធ្វើការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។លោកបានលើកឡើងថា នៅក្នុងប្រទេសចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តភ័ក្តិចាស់របស់ប្រទេសចិន ហើយកន្លងមកនេះភាគីចិនតែងតែចាត់ទុកទំនាក់ទំនងសម្តេចនាយករដ្ឋមន្ត្រី ជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មានលក្ខណៈជិតស្និទ្ធ និងស្និទ្ធស្នាល។ លោកបានអរគុណចំពោះការគាំទ្រកន្លងមករបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យគំនិតផ្តួចផ្តើមនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មានការស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា។

លោក Chen Siqing បានលើកឡើងថា ក្រោយពេលបានស្តាប់ប្រសាសន៍របស់សម្តេចហើយ លោកបានវាយតម្លៃកម្ពស់ចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេច ពោលសម្តេចដែលមានចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបន្តថា ធនាគាររបស់លោក នឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផ្តល់ទុនដល់ក្រុមហ៊ុនវិនិយោគនានា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរ អំពីតម្រូវការនៃទុនជាច្រើន ហើយសព្វថ្ងៃនេះធនាគារចិន មានទុនច្រើន ហើយមានសាខាច្រើននៅលើពិភពលោក ដូច្នេះធនាគារចិនអាចជួយសម្រេចនូវតម្រូវការមួយនេះ។ ឆ្នាំនេះប្រទេសចិននឹងរៀបចំកិច្ចប្រជុំកំពូលនៃខ្សែក្រវាត់មួយ ផ្លូវមួយ នាខែមេសា ខាងមុខនេះ ធនាគារចិន នឹងមានការចុះកិច្ចព្រមព្រៀងមួយចំនួន ដើម្បីផ្តល់ឥណទានដល់ក្រុមហ៊ុននានា ដែលស្ថិតនៅក្នុងគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវ។

លោកប្រធានធនាគារ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោកបានជួបកាលពីឆ្នាំ២០១៥កន្លងទៅ ដោយសម្តេចបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា ហើយធនាគាររបស់លោក ក៏បានចូលរួមបណ្តុះបណ្តាលជាច្រើនដល់មន្ត្រីរបស់កម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រធានធនាគារចិន ទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យគម្រោងវិនិយោគនានា ដែលគាំទ្រដោយធនាគារចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឲ្យមានការចុះកិច្ចព្រមព្រៀងនៃគម្រោងទាំងឡាយដែលស្ថិតនៅក្រោមគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវជាពិសេសសម្តេចបានចាត់តាំងឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នរបស់រដ្ឋធ្វើការជាមួយធនាគារចិន។ សម្តេចតេជោ បានចាប់អារម្មណ៍ចំពោះការប្រកាសរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការបង្កើតវិថីសូត្រសតវត្សរ៍ទី២១នេះឡើង ដែលជាចំណុចដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាសមាជិក។

សម្រាប់កម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អាទិភាពរបស់កម្ពុជាទាំងអស់ទាំងរដ្ឋ និងឯកជន គឺផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៤ គឺការអភិវឌ្ឍធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាវិស័យសំខាន់ៗសម្រាប់រាជរដ្ឋាភិបាល។ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនេះ សម្តេចតេជោ ចង់ឲ្យចិនផ្តល់នូវជំនួយឥតសំណង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន ព្រលានយន្តហោះ និងកំពង់ផែជាដើមដែលត្រូវការទុនជាច្រើនពីមិត្តចិន។ សម្តេចតេជោ ស្នើឲ្យធនាគារចិនផ្តល់ទុនសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលវិនិយោគទៅលើការបណ្តុះបណ្តាល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើវិស័យកសិកម្មជាដើម ដើម្បីជំរុញការកែច្នៃកសិផលរបស់កម្ពុជា។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ថាមពលអគ្គិសនី ក៏ជារឿងសំខាន់ផងដែរសម្រាប់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ស្នើធនាគារចិនបន្តគាំទ្រដល់ការកសាងខ្សែបណ្តាញចែកចាយអគ្គិសនី បន្តទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ចីរបស់កម្ពុជានាពេលកន្លងទៅ គឺមានគោលដៅសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះសម្តេចស្នើធនាគារចិនផ្តល់ការប្រាក់ឲ្យបានទាបទៅលើកម្ចីនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញគាំទ្រឲ្យមានការចុះហត្ថលេខារវាងធនាគារចិន ជាមួយស្ថាប័នរបស់កម្ពុជានូវរាល់គម្រោងទាំងឡាយ ដែលស្ថិតក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាស្ថិតនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើគម្រោងវិនិយោគស្ថិតនៅក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវទទួលបានជោគជ័យ នោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តមប្រធានាធិបតីចិន ក៏ជោគជ័យផងដែរ៕