ឯកឧត្តម ជា ចាន់តូ បានចុះត្រួតពិនិត្យដោយផ្ទាល់ ចំពោះការប្រឡងវគ្គ NBC FSI Connect លើកទី២២ របស់សិក្ខាកាមចំនួន៧៨រូប


នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យដោយផ្ទាល់ ចំពោះការប្រឡងវគ្គ NBC–FSI Connect លើកទី២២ របស់សិក្ខាកាមចំនួន៧៨រូប ដោយក្នុងនោះសិក្ខាកាមចំនួន១រូប ត្រូវប្រឡងបញ្ចប់កម្រិត២ (Intermediate Level) និងចំនួន១១រូប ត្រូវប្រឡងបញ្ចប់កម្រិត១ (Fundamental Level)។​ កម្មវិធីបណ្តុះបណ្តាល Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា (NBC-FSI Connect) ជាកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលតម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិត រួមមាន កម្រិតបឋម (Fundamental Level) កម្រិតមធ្យម (Intermediate Level) និងកម្រិតខ្ពស់ (Advanced Level) ចំណែកការសិក្សាមានរយ:ពេល៣ឆ្នាំ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាក៏បានទិញសិទ្ធិសិក្សាជូនមន្ត្រី-បុគ្គលិក សរុបប្រមាណ២៥៨រូប ព្រមទាំងដាក់ឱ្យដំណើរការសិក្សានិងរៀបចំការប្រឡងផ្លូវការជាបន្ដបន្ទាប់ផងដែរ។
លើសពីនេះ ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គ ត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាម ហើយវគ្គនេះក៏មានការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំថែមទៀតផង។ សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យប្រឡងជាផ្លូវការចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តម ទេសាភិបាល រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗ រហូតដល់ពេលបញ្ចប់កម្រិតទាំងបី។
គួរបញ្ជាក់ថា វគ្គនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement – BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស ។ បច្ចុប្បន្ននេះ ធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោកបានទិញសិទ្ធិសិក្សាជូនមន្ត្រី-បុគ្គលិក ដើម្បីលើកកម្ពស់គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួនជាង១០.០០០នាក់កំពុងសិក្សា។