បន្ទាប់ពីបានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សាគម្រោងប្រព័ន្ធធារាសាស្ត្រសំណង់កាត់ស្ទឹងក្រឡាញ់រួចមក នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកនៅក្នុងខេត្តឧត្តរមានជ័យ ។ លោក ញឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ ចំពោះស្ថានភាពទឹកសម្រាប់បម្រើដល់ការងារបង្កបង្កើនផល ពុំមានអ្វីចោទជាបញ្ហាទេ ព្រោះនៅក្នុងខេត្តឧត្តរមានជ័យ ការងារបង្កបង្កើនផលស្រូវប្រាំងមានតែបន្តិចបន្តួចប៉ុណ្ណោះ ។ ចំពោះទឹក សម្រាប់ការប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខក៏ពុំមានចោទជាបញ្ហាដែរ លើកលែងតែ ឃុំចំនួន ២ នៃស្រុកបន្ទាយអំពិល និងឃុំចំនួន ១ នៃស្រុកចុងកាល់ ដែលស្ថិតនៅតំបន់ដាច់ស្រយាល អាចនឹងមានការប្រឈមនារដូវប្រាំងខាងមុខ ប៉ុន្តែអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមផ្ទាល់ ក៏បានធ្វើការត្រៀមលក្ខណៈអន្តរាគមន៍ជាបណ្តើរៗ ហើយដែរ ។ លោក ញឺន គួន បន្តថា អាងទឹកធំៗ ២ គឺអាងទឹកស្ទឹងស្រែង និងអាងទឹកទំនប់ថ្មី បច្ចុប្បន្ន នៅសល់ទឹកសរុបប្រមាណ ៣៦០ លានម៉ែត្រគូប និងកំពុងបន្តបើកបង្ហូរបញ្ជូនទៅជួយខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិនិត្យលើស្ថានភាពជាក់ស្តែងរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យលោកប្រធានមន្ទីរបង្ហើបទ្វារទឹកស្ទឹងស្រែង បន្ថែមមួយទ្វារទៀត (ពីរតឹក) ដើម្បីបង្កើនការបញ្ជូនទឹកទៅតំបន់អាងត្រពាំងថ្មរបស់ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ស្រុកក្រឡាញ់ របស់ខេត្តសៀមរាប ។
ដោយឡែក ចំពោះការត្រៀមអន្តរាគមន៍ដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋចំនួន ៣ ឃុំ ដែលនៅតំបន់ដាច់ស្រយាលនៃស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ថវិកា ចំនួន ១.០០០ ដុល្លារអាមេរិក ដល់លោកប្រធានមន្ទីរដើម្បីធ្វើការជួសជុលអណ្តូងស្នប់នៅក្នុងឃុំទាំង ៣ ខាងលើឡើងវិញ ឬក៏ទុកប្រើប្រាស់សម្រាប់រៀបចំមធ្យោបាយដឹកជញ្ជូនទឹក ចែកប្រជាពលរដ្ឋប្រើប្រាស់ក្នុងករណីមានការប្រឈម ។