(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យខ្ពស់ នៅលើទឹកដីមហាមិត្តចិនរយៈពេល៣ថ្ងៃកន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីចិនរយៈពេល៣ថ្ងៃកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សារទ្វេភាគីជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន, លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងលោក សុង តាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ រួមមាន៖ ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន, ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងក្រុមហ៊ុនហួណេងគ្រុប។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យប្រធានធនាគារចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគមួយចំនួនផងដែរ។
ក្រៅពីជំនួបខាងលើសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឲ្យប្រធានសមាគមន៍មិត្តភាពចិន និងកម្ពុជា ចូលជួបសម្តែងការគួរសមផងដែរ។ ការឆ្លៀតពេលជួបប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅកម្ពុជា គឺជាការងារមួយដែលសម្តេចតេជោ ហ៊ុន សែន មិនដែលរំលងនោះឡើយ។
ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងរៀននៅប្រទេសចិនជិត ៥០០នាក់ផងដែរ។
ជាការកត់សម្គាល់នៅក្នុងដំណើរទស្សនកិច្ចចំពេលនៃការអបអរសាទរខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិននេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍ជាពិសេសពីថ្នាក់ដឹកនាំរបស់ចិន។ ការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ត្រូវបានលើកយកមកពិភាក្សាជាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី៦នៅក្នុងប្រទេសចិននេះ គឺទទួលបានផ្លែផ្កាជាច្រើនសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ទាំងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន សុទ្ធតែប្តេជ្ញាបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយមិនឲ្យកម្លាំងខាងក្រៅណាមួយមកបំបែកបាននោះឡើយ។
ក្រៅពីការប្តេជ្ញាចិត្តជំរុញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគហើយនោះ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយឥតសំណងប្រមាណ ៦០០លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍនៅកម្ពុជារយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និងបានប្រកាសទិញអង្ករពីកម្ពុជាឲ្យបាន ៤០ម៉ឺនតោននៅឆ្នាំ២០១៩។
លោកប្រធានាធិបតីចិន ក៏បានប្រកាសបង្កើនការទិញផលិតផល និងកសិផលរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតផងដែរ។ ការប្រកាសផ្តល់ជំនួយ ក៏ដូចជាការទិញអង្ករ និងកសិផលផ្សេងៗនេះ ត្រូវបានគេមើលឃើញពីការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់ចិនក្នុងការលើកកម្ពស់ និងពង្រឹងឲ្យកាន់តែរឹងមាំនូវទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លា។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ចិន និងកម្ពុជា បានចុះកិច្ចព្រមព្រៀងលើឯកសារ និងអនុស្សារណៈនៃការយោគយល់គ្នាចំនួន៨ផងដែរ។ ឯកសារនៃកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖
ទី១. លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី២. លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី៣. លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានតីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទី៤. លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ទី៥. លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកចំនន់ ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ទី៦. លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគម្រោងជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ទី៧. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន។
ទី៨. កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនលើកដំបូងនៅខែកុម្ភៈ ឆ្នាំ១៩៩៩។ ផ្តើមចេញពីទំនាក់ទំនងជាលើកដំបូងនេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាលចិន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយឈានទៅពង្រីកពង្រឹង និងធ្វើឲ្យទំនាក់ទំនងកាន់តែខ្លាំងក្លាមកដល់ពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចលើកទី២ នៅខែមេសា ២០០៤, លើកទី៣ នៅខែធ្នូ ២០១០, លើកទី៤ នៅខែមេសា ២០១៣, លើកទី៥ នៅខែឧសភា ឆ្នាំ២០១៧ និងលើកទី៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នេះ។
ក្រៅពីដំណើរទស្សនកិច្ចជាផ្លូវការទាំង៦លើកនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសចិនចំនួន៦លើកផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំ និងវេទិការផ្សេងៗ ដែលរៀបចំឡើងនៅក្នុងប្រទេសចិន។
ខាងក្រោមជាអត្តបទព័ត៌មានពាក់ព័ន្ធនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖
* នាយករដ្ឋមន្ត្រីចិន៖ ទោះបីកម្ពុជាប្រឈមបញ្ហាពីខាងក្រៅយ៉ាងណាក្តី តែកម្ពុជាជាកន្លែងអភិវឌ្ឍន៍ដ៏ប្រសើរ
* សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅវិមានវីរជនរបស់ប្រជាជនចិន
* នៅរសៀលថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន៕