នាវាទេសចរណ៍យក្ស១គ្រឿង នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៥០០នាក់ មកលេងនៅខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ នាថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៩នេះ មាននាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ Sea Bourn Ovation ចេញដំណើរមកពីប្រទេសថៃ បាននាំភ្ញៀវទេសចរចម្រុះជាតិ សាសន៍ជាង៥០០នាក់ មកលេងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

នាវានេះមានសញ្ជាតិ Bahamas បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលមាននាវិកចំនួន៤២៦នាក់ ស្រី១១៧នាក់ មាន២៤សញ្ជាតិ ហើយបាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍៤៣ សញ្ជាតិ សរុបចំនួន៥៤៩នាក់ ក្នុងនោះស្រី២៧០នាក់។ ភ្ញៀវទេសចរ ដែលមានច្រើនជាងគេ គឺអង់គ្លេស ចំនួន១០៦នាក់ និងអាមេរិច ចំនួន២៦៥នាក់។

បើតាមរបាយការណ៍ដដែល នាវាមានបណ្តោយប្រវែង២១០,៥០ម៉ែត្រ និងទទឹង២៨ម៉ែត្រ។ ជាមួយគ្នានេះ ភ្ញៀវចូលក្នុងប្រទេស ដែលនឹងត្រូវចេញតាមខេត្តសៀមរាប ចំនួន៥២នាក់ ស្រី១៨នាក់ មាន៥សញ្ជាតិ។

នាវានេះ នឹងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម នៅម៉ោង២០៖០០នាទីយប់ ថ្ងៃដដែលនេះ៕