សម្តេចតេជោ​ ហ៊ុន សែន ប្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថា កម្ពុជាមិនខ្វះសាច់ប្រាក់ បើកប្រាក់បៀវត្សដូចទសវត្សរ៍៩០ឡើយ និងអំពាវនាវជួយពង្រឹងវប្បធម៌បង់ពន្ធ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងប្រកាសប្រាប់ដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការស៊ីវិលផងដែរ កុំបារម្ភរឿងខ្វះសាច់ប្រាក់បើកប្រាក់បៀវត្សនោះ ដោយសម្តេចបញ្ជាក់ជាក់លាក់ថា កម្ពុជាមិនខ្វះសាច់ប្រាក់បើកប្រាក់បៀវត្សនោះទេ មិនដូចកាលពីទសវត្សរ៍៩០ នោះឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ជាអធិបតីប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក។

សម្តេចថ្លែងយ៉ាងដូច្នេះថា។ «យើងមិនខ្វះសាច់ប្រាក់ ដើម្បីបើកបៀវត្សដូចកាលពីទសវត្សរ៍៩០ ឬដើមសហសវត្សរ៍នោះទេ។ ឥឡូវនេះយើងមានលទ្ធភាពឈាន ទៅដល់ការបើកបៀវត្ស ក្នុងពេលពីរសប្តាហ៍ម្តង ដែលនេះផ្តើមចេញពីការចូលរួមគាំទ្រ របស់កងទ័ព របស់កម្លាំងគ្រប់ផ្នែក និងរបស់ប្រជាជនជាមួយនឹងកាតព្វកិច្ចថវិកាជាតិ»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ចូលរួមពង្រឹងវប្បធម៌បង់ពន្ធជូនរដ្ឋ ដើម្បីទទួលបានថវិកា សម្រាប់ទ្រទ្រង់ដល់ការឧបត្ថម្ភគាំទ្រ និងដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ រួមទាំងជួយដល់ការអភវិឌ្ឍន៍គម្រោងនានា ដើម្បីជាប្រយោជន៍ជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យគ្រប់អង្គភាពទាំងអស់មិនថា តែកងកម្លាំងប្រដាប់អាវុធក្នុងក្របខណ្ឌ តែកងយោធពលខេមរភូមិន្ទនោះទេ តែកងកម្លាំងដទៃទៀត ដូចជាកងនគរបាលជាតិ ក៏ត្រូវតែចូលរួមដើម្បីគាំទ្រឲ្យអង្គភាពប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ ទប់ស្កាត់នូវឧក្រិដ្ឌកម្មឆ្លងដែន ហើយត្រូវដាក់ទោសទណ្ឌ ចំពោះអ្នកដែលរកស៊ីខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «យើងត្រូវរួមគ្នា មិនមែនជាភារកិច្ចដាក់ដោយឡែក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬអង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមានការជួយគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា»

សម្តេចតេជោបានប្រាប់ឲ្យនាយទាហាន នាទាហានរង និងពលទាហានទាំងអស់ មិនត្រូវអត់ឱនឲ្យបុគ្គលមួយចំនួនតូច បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរបស់កងទព័នោះទេ ព្រោះតែលាភសក្ការៈបន្តិចបន្ទួចទទួលពីឈ្មួយទុច្ចរិត ដែលនាំឲ្យខាតបង់ដល់ចំណូលជាតិ៕