ភូមិធម្មជាតិរុនតាឯកទទួលបានអគារសិក្សាថ្មីមួយខ្នងពីអង្គការ ARK Beautiful Earth of Children នៃប្រទេសជប៉ុន


អគារសិក្សាថ្មីមួយខ្នង ដែលស្ថិតនៅភូមិធម្មជាតិរុនតាឯកនៃសាលាបឋមសិក្សាជាលាធំ ត្រូវបានសម្ពោធដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាតំណាងឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី មន្រ្តី បុគ្គលិក អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រចាំស្រុកបន្ទាយស្រី តំណាងម្ចាស់ជំនួយនៃអង្គការ ARK Beautiful Earth of Children លោក Kiyoshi MATSUMOTO លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ប្រជាជន សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានប្រមាណ៥០០នាក់។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ខូយ គឹមទួ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ និងតំណាងម្ចាស់អំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុនតារយៈអង្គការ ARK Beautiful Earth of Children។ ឯកឧត្តមបានបន្តថា ការចូលរួមនៅពេលនេះ សបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់លើការអប់រំដល់បុត្រាបុត្រី តាមរយៈបញ្ជូនកូនទៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍រុនតាឯក ក៏ដូចជាសាលាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តទៀតថា ការចូលរួមអភិវឌ្ឍន៍វិស័យអប់រំដែលជាកិច្ចការសំខាន់មួយរបស់យើងគ្រប់គ្នាក៏ដូចរាជរដ្ឋាភិបាលកម្ពុជា។ កន្លងមកអាជ្ញាធរជាតិអប្សរាមានកិច្ចសហការល្អជាមួយបណ្តាប្រទេសជាច្រើន និងទាំងថ្នាក់ជាតិ ថ្នាក់អន្តរជាតិតាមរយៈការជួយគាំទ្រជាសម្ភារៈ ថវិកា និងស្មារតី ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពលរដ្ឋ និងលើកកម្ពស់ធនធានមនុស្សជាចាំបាច់។

អ្នកគ្រូ ភឿម យ៉េង នាយិកាសាលាបឋមសិក្សាជាលាធំ បានលើកឡើងថា នៅឆ្នាំ២០១០ សាលាជាលាធំបានចាប់ផ្តើមបើកបង្រៀនមួយថ្នាក់ នៅក្នុងរោងដោល ដែលមានសិស្សសរុបចំនួន២០នាក់។ អ្នកគ្រូបានបន្ថែមថា ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិអប្សរា ដែលដឹកនាំផ្ទាល់របស់ក្រុមការងារគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានសង់អគារសិក្សាថ្មីមួយខ្នងមាន៥បន្ទប់នៅឆ្នាំ២០១២។

អ្នកគ្រូ យ៉េង បន្តថា ដោយនៅភូមិធម្មជាតិរុនតាឯកទទួលបានប្រជាជនមករស់នៅកាន់តែច្រើន កំណើនចំនួនកុមារដែលត្រូវការអប់រំក៏មានច្រើនដែលជាកង្វល់របស់យើងគ្រប់គ្នា។ ថ្មីៗនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ជាប្រធានគម្រោងបានសាងសង់អគារសិក្សាថ្មីមួយខ្នងបន្ថែមទៀតមាន៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូរអភិវឌ្ឍន៍ភាគីជប៉ុន។

លោក Kiyoshi MATSUMOTO តំណាងឱ្យអង្គការ ARK Beautiful Earth of Children មានប្រសាសន៍ថា បេតិកភណ្ឌវប្បធម៌អង្គរ គឺជាបេតិកភណ្ឌពិភពលោកមួយដ៏សំខាន់បំផុតហើយមានតម្លៃខ្ពស់សម្រាប់ពិភពលោក។ កុមារដែលមានដើមកំណើត និងធំធាត់នៅក្នុងតំបន់បេតិកភណ្ឌគួរតែបាននូវការអប់រំជាមួយបេតិកភណ្ឌវប្បធម៌របស់គាត់ និងដើម្បីអភិវឌ្ឍអនាគតរបស់ពួកគេឱ្យកាន់តែប្រសើរ។ លោកបន្ថែមថា ការចូលរួមសង់អាគារសិក្សាថ្មីនេះ ជាកិត្តិយសដ៏អស្ចារ្យរបស់លោក ដែលអាចធ្វើសហប្រតិបត្តិការដើម្បីកែលម្អរស្ថានភាពអប់រំរបស់កុមារនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកឱ្យកាន់តែប្រសើរឡើង៕