ក្រសួងសាធារណការប្ដេជ្ញាកែលម្អផ្លូវថ្នល់ នៅទូទាំងប្រទេសឱ្យទទួលបាន ចំណាត់ថ្នាក់ផ្កាយ៣ នៅត្រឹមឆ្នាំ២០៣០


ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦–ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្ដេជ្ញាបន្ដកែ លម្អផ្លូវថ្នល់ ឱ្យទទួលបាន ចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ៣ នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីទទួលបាន លទ្ធផលនៃការដាក់ ពិន្ទុរបស់គម្រោងវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់អន្ដរជាតិ ដោយបានផ្ដល់ ចំណាត់ថ្នាក់ផ្កាយសុវត្ថិភាពផ្លូវថ្នល់ ឱ្យកម្ពុជាជាប់ចំនួនផ្កាយ២រួចមក។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលទ្ធផល នៃការធ្វើចំណាត់ថ្នាក់ផ្កាយសុវត្ថិភាព ផ្លូវថ្នល់នៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាន មាន ប្រសាសន៍ថា ការផ្ដល់ពិន្ទុចំណាត់ថ្នាក់ ផ្កាយសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជានេះ ក្រសួងនឹងបន្ដ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅ ទទួលបានចំណាត់ថ្នាក់ផ្កាយនៅឆ្នាំបន្ដបន្ទាប់ ហើយក្រសួងសាធារណការនិងដឹកជញ្ជូន ចាប់ផ្ដើមរៀបចំ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថ ភាពដល់មន្រ្ដីជំនាញបច្ចេកទេស អ្នកសាងសង់ និងអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបជាពិសេស មន្រ្តីជំនាញ ដែលទទួលបន្ទុកក្នុងការងារសាងសង់ក៏ដូចជាការរៀបចំផ្លូវ ឱ្យមានសុវត្ថិភាព និងគុណភាពស្របតាមស្តង់ដារអន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានឹងចូលរួមអនុវត្ដន៍តាមការដាក់ចេញកំណត់គោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព២០៣០ របស់អង្គការសហប្រជាជាតិ ដែលកំណត់បណ្តាញ ផ្លូវនៃគ្រប់ប្រទេសលើ សកលលោក យ៉ាងហោចណាស់មានចំណាត់ថ្នាក់សុវត្ថិភាពកម្រិត ផ្កាយ៣គឺផ្លូវដែលគ្មាន ហានិភ័យខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិកាបានបន្ដថា ការអនុវត្ដយន្តការរួមគ្នា និងការបន្តនូវគម្រោង ក៏ដូចជាកម្មវិធី ឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រោម ជំនួយគាំទ្រជាបច្ចេកទេស និងធនធានព្រមទាំង ការអប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ អំពីច្បាប់ចរាចរណ៍ ភ្លើងស្លាកសញ្ញា និងកត្តាហានិភ័យធំៗ ដែលបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្ត
និងអាកប្បកិរិយា អ្នកបើកបរ អាចនឹងធ្វើឱ្យកម្ពុជា សម្រេចផែនការជាតិ ទសវត្សរ៍សកម្មភាពចរាចរណ៍ គឺកាត់បន្ថយ ឱ្យបានចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរ ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០២០ ស្របតាមទិសដៅ របស់អង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយចំនួនអ្នក ស្លាប់ឱ្យថយចុះមក នៅត្រឹមចំនួន១៦០០នាក់។
ឯកឧត្តម ស៊ូ វ័យ នាយកគ្រប់គ្រងវិស្វករ នៃក្រសួងសាធារណការចិន បានបញ្ជាក់ថា ការសិក្សា និងបង្ហាញលទ្ធផលនៃការវាយតម្លៃចំណាត់ថ្នាក់ផ្លូវថ្នល់នៅកម្ពុជានេះ គឺជាវិធានការមួយដ៏ល្អ ដែលភាគីចិននឹងជួយរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឱ្យបានកាន់តែទូលំទូលាយ តាមរយៈការស្វែងយល់អំពីវិធី សាស្រ្ដកំណត់ចំណាត់ថ្នាក់ផ្លូវ ថ្នល់នៅកម្ពុជា។
លោក ហ្រ្គែក ស្មីត (Greg Smith) នាយកគ្រប់គ្រងគម្រោងវាយតម្លៃសុវត្ថិភាព ផ្លូវថ្នល់អន្ដរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា គម្រោងវាយតម្លៃសុវត្ថិភាព ចរាចរណ៍នេះនឹងជួយពង្រឹង សមត្ថភាពដល់មន្ដ្រីក្នុងការរៀបចំប្រព័ន្ធសុវត្ថិភាពផ្លូវថ្នល់ ឱ្យមានស្ដង់ដារខ្ពស់ តាមរយៈការបណ្ដុះ បណ្ដាល ជំនាញបច្ចេកទេស ឱ្យមានកម្រិតចំណាត់ថ្នាក់ផ្កាយ ដូចបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ។
លោកបានបន្ដថា ដើម្បីអនុវត្ដន៍ប្រព័ន្ធផ្លូវថ្នល់ ឱ្យបានកាន់តែប្រសើរនោះ កម្ពុជាគួរតែកែសម្រួលផ្លូវថ្នល់ ឱ្យមានសុវត្ថិភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ផ្លូវ ពិសេស បញ្ហាប្រឈមនានា អាចប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងមក ក្រសួងដឹកជញ្ជូនសាធារណការចិន និងគម្រោងវាយតម្លៃ សុវត្ថិភាពផ្លូវថ្នល់អន្តរជាតិ បានធ្វើការវាយតម្លៃថ្នាក់ផ្កាយសុវត្ថិភាព ផ្លូវថ្នល់នៅកម្ពុជាចំនួន៥៥៦.៩ គីឡូម៉ែត្រលើផ្លូវជាតិលេខ១ លេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ហើយតាមរយៈ របាយការណ៍ ដំបូងរបស់ គម្រោងបានបង្ហាញថា ផ្លូវនៅកម្ពុជាទទួលបានចំណាត់ថ្នាក់ផ្កាយសុវត្ថិភាព ចំនួនផ្កាយ២៕