ក្រុងទី៣របស់អាមេរិក ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ គោលបំណងបង្កើនទំនាក់ទំនងវប្បធម៌ ការអបរំ វិស័យសេដ្ឋកិច្ច និងចំណងមិត្តភាព រវាងប្រជាជនទីក្រុងទាំងពីរ


ប្រតិភូទីក្រុងឡងប៊ិច រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកដឹកនាំដោយលោកបណ្ឌិត Robert Garcia បានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីចូលរួមចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នាស្ដីពី ការចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងឡងប៊ិច នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។

នេះជាទីក្រុងទី៣ហើយ របស់សហរដ្ឋអាមេរិក ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ បន្ទាប់ពីទីក្រុងឡូវ៉េល និងទីក្រុងក្លេវេលេន បានចុះហេត្ថលេខារួចមកហើយនោះ។
ប្រតិភូនៃទីក្រុងឡុងប៊ិច មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឡុងប៊ិច អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា នាពេលនេះ ភាគីទីក្រុងទាំងពីរ បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញ នៃព្រះរាជាណចក្រកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនងវប្បធម៌ និងការអបរំ ក៏ដូចជា វិស័យសេដ្ឋកិច្ច និងចំណងមិត្តភាពរវាងប្រជាជន នៃទីក្រុងទាំងពីរ។

ឯកឧត្តម ឃួង សេ្រង បានឲ្យដឹងទៀតថា កម្ពុជា និងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតទ្វេភាគីជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥០មកម្ល៉េះ។

ជាមួយនឹងការលើកឡើងពីស្ថានភាព និងការវិវត្តន៍រីកចំរើនរបស់រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក កាន់តែមានភាពស្និតស្នាល និងទូលំទូលាយ ជាពិសេសបន្ទាប់ពីវត្តមានរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីទី៤៤ នៃសហរដ្ឋអាមេរិក មកកាន់កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅ ព្រមទាំងវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើទឹកដីអាមេរិកកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

លើសពីនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំង២ មានអត្រាកំណើនពី៣.១៧៣លានដុល្លារ ក្នុងឆ្នាំ២០១៦ រហូតដល់ជាង៣ពាន់លានដុល្លារនៅឆ្នាំ២០១៨។

ក្នុងនាមទីក្រុងឡងប៊ិច លោកបណ្ឌិត Robert Garcia បានបង្ហាញក្តីរីករាយ ដែលបានចងសម្ពន្ធ័មេត្រីភាពជាមួយរាជធានីភ្នំពេញ។ លោកថា ឡងប៊ិច រដ្ឋកាលីហ្វរ័ញ៉ា ជាទីក្រុងដែលមាន ប្រជាពលរដ្ឋខ្មែរ រស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិក និងបានបង្កើតទីក្រុងកម្ពុជាដំបូងគេ នៅសហរដ្ឋអាមេរិក (Cambodia Town)។

លោកក៏មានបំណងប្រែក្លាយទីក្រុងឡងប៊ិច ជាទីក្រុងវប្បធម៌ ជាពិសេសវប្បធម៌ខ្មែរ ដែលអាចប្រាប់ទៅដល់ពិភពលោកឲ្យស្គាល់ ពីប្រពៃណីវប្បធម៌ខ្មែរ។ ឯកឧត្តម ឃួង ស្រេង និងលោកបណ្ឌិត Robert Garcia បានចុះអនុស្សារណៈ នៃការយោគយល់គ្នាស្ដីពី ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំង២ (រាជធានីភ្នំពេញ និងទីក្រុងឡងប៊ិច) លើខ្លឹមសារ៦ចំណុច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងទីក្រុងទាំង២ថែមទៀត៕