ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយក្រោយពីទទួលបានផ្លូវក្រាលកៅស៊ូ៣ខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួន


កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំងជាពិសេសប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយមន្ទីរ
សាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងបានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ នៅក្នុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រួចជាស្ថាពរនៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០១៩នេះ។

ប្រជាពលរដ្ឋបានអោយដឹងថា ពីមុនផ្លូវទាំង៣ខ្សែរនេះ ត្រូវលិចទឹកនៅរដូវស្សាជារៀងរាល់ឆ្នាំធ្វើតាមទូកដរនិងមានកន្លុកច្រើន ហើយ ហុយខ្លាំងនៅរដូវប្រាំង ពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មិនពិបាកដូចមុនទៀតឡើយ។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថាៈ ការស្ថាបនា ផ្លូវក្រាលកៅស៊ូAC ចំនួន៣ខ្សែ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានប្រវែង១.៧០០ម៉ែត្រ ចាក់ដីឡើងកំពស់០,៦ម៉ែត្រ និង ក្រាលកៅស៊ូ
ACកម្រាស់០,០៥ម៉ែត្រនិងទទឹង៦ម៉ែត្រដើម្បី
អោយប្រជាពលរដ្ឋ ធ្វើដំណើរដោយងាយស្រួល មានសុវត្ថិភាព កែលំអរសោភ័ណភាព និង បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំង។

លោក កែវ ពៅ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទំាងអស់ជួយថែទាំផ្លូវនិងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ អោយនៅកម្រិតទាបបំផុត។