ឯកឧត្តម​ ស៊ិន​ វុទ្ធី​ បានអញ្ជេីញចុះពិនិត្យស្ថានីយបូមទឹកឯកជន​ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ទឹកសម្រាប់ការងារ​បង្កបង្កេីនលស្រូវ និងបានជួបសំណេះសំណាលជា​មួយ​បងប្អូនប្រជាកសិករ​ នៅស្រុកអង្គរបូរី​ ខេត្តតាកែវ ​​


ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានអញ្ជេីញចុះពិនិត្យស្ថានីយបូមទឹកឯកជន​ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ទឹកសម្រាប់ការងារ​បង្កបង្កេីនលស្រូវ និងបានជួបសំណេះសំណាលជា​មួយ​បងប្អូនប្រជាកសិករ​ ​​ស្ថិតនៅឃុំព្រៃផ្គាំ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ៖

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី នៅថ្ងៃទី​ ២៩​ ខែមករា ឆ្នាំ២០១៩​ ឯកឧត្តម​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង​ និងមន្ទីរធនធាន​ និង​ឧតុនិយម​ខេត្តតាកែវ​ ចុះពិនិត្យស្ថានីយបូមទឹកឯកជនមួយកន្លែង ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ទឹកសម្រាប់ការងារ​បង្កបង្កេីនផលស្រូវ​ ​តាំងពីឆ្នាំ ២០០៤ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ​​នៅសាលាឃុំ ដែលបានផ្ទុះការតវ៉ា​ជាមួយអ្នកផ្គត់ផ្គង់ទឹកនៅថ្ងៃទី ២៧ ខែមករា​ ឆ្នាំ២០១៩​។ តាមរយៈការជួបសំណេះសំណាលជាមួយលោកអភិបាលស្រុក មេឃុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភាគីអ្នកផ្គត់ផ្គង់ទឹក និងបងប្អូនប្រជាកសិករ នារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ បានឯកភាព និងព្រមព្រៀងដូចខាងក្រោម ៖
– អ្នកផ្គត់ផ្គង់ទឹក ត្រូវរៀបចំកិច្ចសន្យាផ្ដល់សេវាកម្មទឹក​ឡើងវិញ ដោយមានការទទួលស្គាល់ពីអភិបាលស្រុក អាជ្ញាធរដែនដី​ និងមន្ទីរជំនាញ
​ – បងប្អូនប្រជាកសិករបានយល់ស្របតាមអនុសាសន៍ណែនាំ និងលើកឡើងដោយឯកឧត្តមប្រធានអង្គប្រជុំ នឹងព្រមទទួលយកសេវាកម្មផ្គត់ផ្គង់ទឹកបន្តស្រប​ទៅ​តាម​កិច្ចសន្យាថ្មី
– ចំពោះតម្លៃនៃការផ្ដល់សេវាកម្មផ្គត់ផ្គង់ទឹក ត្រូវមានការពិភាក្សា​ និងឯកភាពគ្នារវាងអ្នកផ្គត់ផ្គង់ និងប្រជាកសិករ
ចុងបញ្ចប់បងប្អូនប្រជាកសិករបានសំដែងនូវសេចក្តី​សប្បាយរីករាយ ចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរ ព្រមទាំងលោកអភិបាលស្រុក និងអាជ្ញាធរដែនដីដែលបានយកចិត្តទុក​ដាក់​ដោះស្រាយនូវបញ្ហា​ និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា ។