ឯកឧត្តម អភិបាលខេត្ត បានអនុញ្ញាតលោកស្រី ហាលី អាលីន អគ្គនាយិកា Miss Planet International ជួបពិភាក្សា និងសម្តែងការគួរសម


នាព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានអនុញ្ញាតឲ្យលោកស្រី ហាលី អាលីន អគ្គនាយិកា Miss Planet Internationalនិងសហការី ចូលជួបពិភាក្សានិងសម្តែងការគួរសម។

តាមការបញ្ជាក់របស់លោកស្រី ហាលី អាលីន បានឲ្យដឹងពីគោល បំណង របស់ប្រតិភូ ក្នុងការចូលជួបពិភាក្សានាពេលនោះ គឺ ដើមី្បសុំការជួយគាំទ្រពីគណៈអភិបាលខេត្តសៀមរាប ពីសកម្មភាពរបស់ Miss Planet International ដែលធ្វើការប្រកួតជ្រើសរើសបវរកញ្ញាភពផែនដី នាថ្ងៃខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩នេះ ។ លោកស្រីក៏បានលើកផងដែរ អំពីខ្លឹមសារនៃប្រធានបទ ក្នុងការប្រកួតបវរកញ្ញាភពផែនដីនេះ ដែលមានបវរកញ្ញាមកពីបណ្តាប្រទេស ចំនួន ៥២ មកចូលរួម ដោយផ្តោតទៅលើបរិស្ថានលើភពផែនដី និង ការបង្ហាញអំពីវប្បធម៌ ប្រពៃណីតាមបណ្តាប្រទេសនីមួយៗផងដែរ ។ លោកស្រីក៏បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ក្នុងការប្រកួតបវរកញ្ញាភពផែនដី ហើយជាកិត្តិយសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញអំពីអរីយធម៌ វប្បធម៌ ប្រពៃណីរបស់ខ្មែរយើង និង ផ្សព្វផ្សាយទៅលើពិភពលោក ឲ្យកាន់តែមានភាពល្បីល្បាញ ថែមទៀត ។ ក្នុងនោះដែរលោកស្រី ក៏បានលើកនូវសំណូមពរមួយចំនួន ដល់ឯកឧត្តមអភិបាលខេត្ត នៅក្រោយពេលការប្រកួត បវរកញ្ញានៅឯរាជធានីភ្នំពេញ ក្រុមបវរកញ្ញាគ្រប់បណ្តាប្រទេសទាំងនោះ និង ឆ្ពោះមកខេត្តសៀមរាប ដើមី្បទស្សនាសម្បត្តិវប្បធម៌កម្ពុជា នៅតាមប្រាង្គប្រាសាទនានាសំខាន់ប្រាសាទអង្គរវត្ត ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការសាទរចំពោះកម្មវិធី និង សកម្មភាពដែលលោកស្រីអគ្គនាយិកាបវរកញ្ញា ភពផែនដី ដែលមានបំណងក្នុងការផ្សព្វផ្សាយអំពីអរីយធម៌ វប្បធម៌ ប្រពៃណីជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ម៉្យាងទៀតសកម្មភាព ទាំងនេះក៏ជាការលើក ស្ទួយដល់ស្ត្រីខ្មែរដែលជាប្រជាជាតិមួយមានចរិកទន់ភ្លន់ សុភាពរាបសារ ប្រកបទៅភាពញញឹមស្រស់ស្រាយ តាមក្បាច់រចនាដែលបុព្វបុរសដូនតាខ្មែរយើង បានចារឹកនៅតាមជញ្ជាំងថ្មប្រាង្គប្រាសាទ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការគាំទ្រ ផងដែរ ទៅលើប្រធានបទ អំពីបរិស្ថានភពផែនដី ដោយបច្ចុប្បន្ននេះការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី បានកំពុងចោទ ជាបញ្ហាចំបង ដោយប្រទេស តំបន់មួយចំនួនបានទទួលរងដោយគ្រោះធម្មជាតិ គឺបណ្តាមកពីការបំពុលបរិស្ថាននេះឯង ។ ដូច្នេះ បញ្ហាបរិស្ថាននេះ នៅខេត្តសៀមរាប ដែលជាខេត្តប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្ត ហើយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្រៅពីការងារសន្តិសុខ បានផ្តោតសំខាន់ចំពោះបរិស្ថាន នៅតាមសាធារណៈ និង ទីប្រជុំជនជាដើម។ ឯកឧត្តម អភិបាលខេត្តក៏បានជម្រាបទៅដល់ប្រតិភូ ចំពោះការអញ្ជើញមកទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទ និង មានការបង្ហោះ ទ្រូនថតពីលើអាកាសនៅតំបន់អង្គរនោះ គឺផុតដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តហើយ គឺសូមឲ្យមានការទំនាក់ទំនងជាមួយអាជ្ញាធរអប្សរា។ចំពោះលើការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺជាភារកិច្ចរបស់ខេត្តដែលត្រូវយកចិត្តទុកដាក់ នៅគ្រប់ទីកន្លែងដែលក្រុម ប្រតិភូទៅទស្សនាកម្សាន្ត។ ក្នុងនោះដែរឯកឧត្តម ក៏បានគាំទ្រផងដែរ គ្រប់សកម្មភាព បវរកញ្ញាភពផែនដី ដែលបានធ្វើឡើង ដើមី្ប ផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ សំខាន់ក្រោយពេលដែលក្រុមប្រតិភូបវរកញ្ញាពិភពផែនដី បាននិវត្តន៍ទៅកាន់មាតុប្រទេសរបស់ ខ្លួនវិញ ពិតជាធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីសម្បត្តិវប្បធម៌ជាតិយើង ហើយកត្តាសំខាន់នោះ នឹងធ្វើការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ បានចូលមកកម្ពុជា សំខាន់គឺខេត្តប្រវត្តិសាស្ត្រសៀមរាប ឲ្យកាន់តែមានការកើនឡើងផងដែរ ៕