សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិ សេនានុព័ន្ធយោធានៃបណ្តាប្រទេសជាមិត្ត ព្រមទាំងសិក្ខាកាមដែលជានាយទាហានជំនាន់ក្រោយយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ សាកលវិទ្យាល័យការពារជាតិ បានដំណើរការបណ្តុះបណ្តាល និងហ្វឹកហ្វឺនចំនួន១៦វគ្គ ដែលមាននិស្សិត និងសិក្ខាកាមសរុបចំនួន៩៥០នាក់ ក្នុងនោះនិស្សិតសិក្ខាកាមជាតិចំនួន៨៧៤នាក់ និស្សិតបរទេសចំនួន៧៦នាក់ (វៀតណាម៥៥នាក់, ឡាវ១៥នាក់, ភូមា២នាក់, ថៃ៣នាក់ និងចិនម្នាក់)៕