ឆ្នាំ២០១៩រដ្ឋាភិបាលជម្រុញឲ្យគយនិងរដ្ឋាកររកចំណូលឲ្យ បាន២៣០០លានដុល្លារ


រដ្ឋាភិបានបានជំរុញឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាកររកប្រាក់ចំណូលឲ្យបាន២៣០០លានដុល្លារធអាមេរិកនៅឆ្នាំ២០១៩នេះ ជាអ្វីដែលហៅថាកំណែទម្រង់និងបង្កើនឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា។

អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកហ៊ីវ គឹមហេងបានថ្លែងលើកឡើង នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចសាខាគយ និងរដ្ឋាករថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ការអនុវត្តន៍កម្មវិធីថវិការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អង្គភាពគយ ជាអង្គភាពប្រមូលចំណូលមួយបន្ទាប់ពីអង្គភាពពន្ធដារ ក្នុងនោះដើម្បីគៀងគររកចំណូល និងការប្រមូលថវិការឲ្យបានកាន់តែច្រើន សាខាគយទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ជាពិសេសជម្រុញអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបា​ន​កំណត់ឲ្យអង្គភាពគយ នៅក្នុងឆ្នាំ២០១៩នេះរកចំណូលឲ្យបានជាង៩ទ្រីលានរៀ​ល ត្រូវប្រមាណជាង ២៣០០លានដុល្លារអាមេរិក ទៅតាមផែនការកំណត់ដោយច្បាប់។

គណៈអភិបាលនៃអភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងថា ដើម្បីជម្រុញការងារគយ និងរដ្ឋាករឲ្យមានតម្លាភាព និងប្រសិ​ទ្ធភាព មន្រ្តីគយនៅទូទាំងខេត្តកណ្តាល ត្រូវប្រកាន់ខ្ជាប់នូវក្របសីលធម៌ វិជ្ជាជីវៈ ដើម្បីធានានូវគុណភាព នឹងត្រូវពង្រឹងងការនុវត្តន៍ច្បាប់ បទដ្ឋានគតិយុត្ត និងបទបញ្ជារបស់ថ្នាក់លើ ជាពិសេសការអនុវត្តន៍ ក្រោមគណៈបញ្ជាការខេត្ត ដើម្បីធ្វើយ៉ាងណាអនុវត្តន៍រកចំណូល ទៅតាមផែនការដែលកំណត់ដោយច្បាប់។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកា​ល​ពីពេលថ្មីៗនេះបានលើកឡើងថា ការអនុវត្តកំណែទំរង់ហិរញ្ញវត្ថុសាធារណៈ ពិសេសយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ និងកម្មវិធីកែទម្រង់ និងទំនើបកម្មគយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលប្រមូលដោយរដ្ឋាបាលគយ និងរដ្ឋាករកម្ពុជាបានកើនឡើងទ្វេរដង និងបានឆ្លើយតបទៅនឹងកំនើននៃគម្រោងចំណា​យរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំៗផងដែរ៕