ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ឱ្យ​អាជ្ញាធរ​ជាប់​ខេត្ត​ជាប់​សមុទ្រ​ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ


ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ឱ្យ​អាជ្ញាធរ​ជាប់​ខេត្ត​ជាប់​សមុទ្រ​ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ជាថ្មី​ម្តងទៀត!  ឯកឧត្តមឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានស្នើ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា។

នៅក្នុង​លិខិត​មួយច្បាប់​ចុះហត្ថលេខា ដោយឯកឧត្តមឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុផារ៉ា កាលពី​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៥ កន្លងមកនេះ ផ្ញើរ​ជូន​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង៤ ទទួលបាន​នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ បានសរសេរថា “ ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​បា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកោះកុង ជ្រាបថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព គ្រប់គ្រង ការពារ និង​អភិរក្ស បឹង ស្ទឹង ព្រែក អូរ និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ប្រកបដោយ​ចីរភាព គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ស្នើ ឯកឧត្តម លោកជំទាវ ទប់ស្កាត់ ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​សមុទ្រ ស្ទឹង ព្រែក និង​ផ្លូវ​ទឺ​ក​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ​ស្របតាម​សារា​ចរណ៍​ណែនាំ​លេខ ០១ សរ​ណន ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្លង់​សូ​រិ​យោ​ដី​ដែល​បានកំណត់​ជា​ធរមាន។

ជារឿយៗ ត្រូវបាន​គេ​ដឹងថា ដី​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ ទាំង ខេត្ត​ទាំង ៤នេះ មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​អ្នក​វិនិយោគឯកជន និង​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ដែល​ដី​សា​ធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា៕