ភ្នំពេញ ៖ បើតាមគម្រោង អង្គការសហប្រជាជាតិ (UN) នឹងពិនិត្យឡើងវិញ ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា នោះជាសិទ្ធិសេរីភាពរបស់អង្គការ សហប្រជាជាតិ គ្មានអ្នកណាហាមឃាត់ទេ។
អង្គការលីកាដូ ដែលបានធ្វើការទាក់ទង ទៅនឹងសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និងវេទិកាអាស៊ានសម្រាប់សិទិ្ធមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) បានដាក់របាយការណ៍ស្តីពីស្ថានភាព សិទិ្ធមនុស្សនៅកម្ពុជា ចូលទៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការត្រួតពិនិត្យ ដែលជាផ្នែកមួយនៃនីតិវិធី នៃការត្រួតពិនិត្យ ជាសាកល និងជាទៀងទាត់ (UPR)។ ក្នុងនោះពួកគេបានបង្ហាញនូវការបង្ក្រាបរបស់អាជ្ញាធររដ្ឋ មកលើអ្នកការពារសិទិ្ធមនុស្ស សារព័ត៌មាន និងក្រុមសង្គមស៊ីវិល និងផលវិបាកនៃការរំលោភសិទិ្ធដីធ្លី ។
ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ថា “អាហ្នឹងទុកឲ្យគេពិនិត្យទៅ យើងក៏មានទឡ្ហីករណ៍ សម្រាប់ពន្យល់ប្រាប់គេដែរ”។
ឯកឧត្តមបញ្ជាក់ថា ដោយសារបញ្ហានេះហើយ ទើបប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានអញ្ជើញចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីបញ្ហា សិទ្ធិមនុស្សនៅកម្ពុជា ដែលពួកគេមិនទាន់បានយល់នៅឡើយ ។
ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់បានបិទ វិទ្យុណាមួយទេ គឺវិទ្យុទាំងអស់នោះ បានស្ម័គ្រចិត្តបិទការិយាល័យដោយខ្លួនឯង ហើយសារព័ត៌មានខេមបូឌាដេលី បិទដោយសារមិនបានគោរព កាតព្វកិច្ចពន្ធដារជូនរដ្ឋ៕