នៅរសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដេីម្បីពិនិត្យ និង ពិភាក្សាលេីលទ្ធផលអំពី “គម្រោងលេីកកម្ពស់ការគ្រ់គ្រងភក់លាមកក្នុងក្រុងសៀមរាប (Improving Fecal Sludge Management of Siem Reap City) ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក ចៅ សុភៈភិបាល ប្រធាននាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាង ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ លោក កូវ ភិរម្យតំណាងធនាគារពិភពលោក World Bank និងអស់លោក លោកស្រី តំណាងមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ២៥នាក់។
គម្រោងនេះសិក្សាដោយក្រុមហ៊ុនជំនាញមកពី IPE Global ដែលបានការឧបត្ថមពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) និងការសម្របសម្រួលដោយនាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងធ្វេីការសិក្សា និងវិភាគអំពីលទ្ធភាព នៃការលេីកកម្ពស់ការគ្រប់គ្រងភក់លាមក រួមមានការកែរលម្អអាងស៊ិបទិច និងការពង្រឹងអាជីវកម្មសេវាគ្រប់គ្រងភក់លាមក ចាប់ពីការតភ្ជាប់បណ្ដាញលូខ្នែងនៅតំបន់មួយចំនួនសេវាបូមលូ សេវាដឹកជញ្ជូនកាកសំណល់ និងសេវាធ្វេីប្រព្រឹត្តកម្មខ្នាតតូច។
លទ្ធផលពីការសិក្សានេះនឹងធ្វេីជាមូលដ្នាន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាប និងឆ្លុះបញ្ចាំងទៅនឹងស្ថានភាពជាក់ស្ដែងដែលមានការអភិវឌ្ឍន៍លេីគ្រប់វិស័យក្នុងប្រទេសកម្ពុជា។