ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផែនការមេជាតិភស្តុភារកម្មដើរតួយ៉ាងសំខាន់ក្នុងការរក្សា កំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព


ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលំអផែនការមេថ្នាក់ជាតិ ស្ដីពីការដឹកជញ្ជូន និងភស្តុភារកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ កែលំអ ក៏ដូចជាប្រមូលធាតុចូលថែមទៀតពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ សំដៅឱ្យផែនការមេនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបម្រើឱ្យសេដ្ឋកិច្ចជាតិ ស្របតាមផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានជំរុញឱ្យមន្ត្រីជំនាញសិក្សាផែនការមេថ្នាក់ជាតិនេះឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស បណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីឱ្យការងារដឹកជញ្ជូនមានលក្ខណៈ ងាយស្រួល រហ័ស និងចំណាយតិច។

លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ផែនការជាតិភស្តុភារកម្មនេះ នឹង ដើរតួយ៉ាងសំខាន់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព និងជំរុញកម្ពុជាឱ្យសម្រេច បាននូវមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។