សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត អនុម័តផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៩-២០២៣) ដើម្បីកសាងសមត្ថភាព សមាជិកក្រុមប្រឹក្សាបន្ទាប់ពីការបោះឆ្នោត អាណត្តិទី៣


សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដែលជាអង្គការតំណាងសម្លេងរបស់ក្រុមប្រឹក្សារាជធានី-ខេត្តទាំង២៥ នៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានអនុម័តផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៩-២០២៣) របស់ខ្លួន ក្នុងគោលបំណងកសាងសមត្ថភាព សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត បន្ទាប់ពីការបោះឆ្នោតអាណត្តិទី៣ ដែលគ្រោងរៀបចំឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

ផែនការយុទ្ធសាស្រ្តផ្តោតលើយុទ្ធសាស្រ្តចំនួន៨រួមមានទី១៖ ការអភិវឌ្ឍស្ថាប័ន, ទី២៖ ការអភិវឌ្ឍសមត្ថភាពសមាជិក, ទី៣៖ ការស្វែងរកការគាំទ្រ និងទំនាក់ទំនងសាធារណៈ, ទី៤៖ សហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធលើការងារអភិបាលកិច្ចល្អ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, ទី៥៖ ក្តាប់ព័ត៌មាន និងស្វែងរកសេវាផ្នែកច្បាប់ជូនដល់សមាជិកក្រុមប្រឹក្សា, ទី៦៖ ការជំរុញការអនុវត្តការងារគណនេយ្យ ភាពសង្គម, ទី៧៖ ចែករំលែកបទពិសោធន៍ពីការប្រែប្រួលអាកាសធាតុ បរិយាប័ន្នសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង៨៖ ការបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសុខមាលភាពទីក្រុង និងទីប្រជុំជន។

ការអនុម័តផែនការយុទ្ធសាស្រ្តនៅធ្វើឡើង ក្នុងប្រជុំក្រុមប្រឹក្សាជាតិប្រចាំឆ្នាំ នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដោយវត្តមានអ្នកចូលរួមសរុបប្រមាណ១០០នាក់ ក្នុងនោះក្រុមប្រឹក្សាជាតិរបស់សមាគមជាតិចំនួន៥៧រូប។

នៅក្នុងកិច្ចប្រជុំ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានពិនិត្យសមិទ្ធផលការងារឆ្នាំ២០១៨ និងអនុម័តសកម្មភាពការងារឆ្នាំ២០១៩។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្តអាណត្តិទី១ រៀបចំឡើងក្នុងឆ្នាំ២០០៩ និងអាណត្តិទី២ ក្នុងឆ្នាំ២០១៤។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពសមាជិក ក្រុមប្រឹក្សា ព្រមទាំងចូលរួមចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំតាក់តែងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕