ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ផ្ញើសារជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុង​ឱកាសខួបកំណើតគម្រប់​៧៣ឆ្នាំ ឈានចូល​៧៤ឆ្នាំ


ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រីទាំងអស់ ​បានផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃ​កម្ពុជា នៅក្នុងឱកាសខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល​៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។​

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន និងភរិយា សូមសម្តែងកតញ្ញកតវេទិតាធម៌ យ៉ាងស្មោះស្ម័គ្របំផុត ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍របស់សម្តេច ចូលរួមចំណែកក្នុងការកសាងប្រទេសជាតិយើងនាពេលកន្លងមក។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរដល់សម្តេចប្រធានព្រឹទ្ធសភា បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃ​កម្ពុជា ឲ្យទទួលបាននូវជ័យជំនៈថ្មីៗ ធំធេងថែមទៀត ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការពង្រឹងស្ថាប័ន ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចវប្បធម៌ និងការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំង​ប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ឬទិ្ធបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕