សម្តេច ភក្តី សាយឈុំ អញ្ជើញប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ ដូងវិញ្ញាណក្ខន្ធ ឧបាសក សាយ គឹមស៊ាន


ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធឧបាសក សាយ គឹមស៊ាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០:៤៥ នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃប្រារព្ធធ្វើនៅវត្តវិសុទ្ធវស្សា កណ្ដាលកោះសូទិន ស្ថិតនៅភូមិ១០ ឃុំកោះសូទិន ខេត្តកំពង់ចាម ។