នៅទឹកដីខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីបាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផល និងប្រមូលផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបូរី។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានឱ្យដឹងថា នៅទូទាំងខេត្តមានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង ១០ម៉ឺនហត ក្នុងនោះស្រុកអង្គរបូរីមានចំនួន ១,៩ ម៉ឺនហត ទិន្នផលទទួលបានគិតជាមធ្យម ៧-៧,៥០តោនក្នុង១ហត ថ្ងៃនេះស្រូវចំណីមានតម្លៃ ៧២០រៀលក្នុង១kg។ ម្ចាស់ស្រែបានប្រាប់ថាដោយសារតំបន់នេះប្រភពទឹកអំណោយផល ក្នុង១ឆ្នាំ កសិករអាចធ្វើបាន ២-៣ដង ហើយក្នុង១ហតម ចំណាយថ្លៃដើមជាមធ្យម ៣,៥-៤លានរៀល។ យោងលើតម្លៃស្រូវបច្ចប្បន្ន កសិករអាចទទួលបានកម្រៃ ១,៩លានរៀល/ហត បើធ្វើបាន ៣ដងក្នុង១ឆ្នាំ នោះកសិករអាចទទួល បានចំណូល ៥,៧លានរៀល ចំណូលនេះមានការធ្លាក់ចុះបន្តិចបើប្រៀបទៅឆ្នាំ២០១៧។ ចំពោះទីផ្សារស្រូវចំណីគឺភាគច្រើនឈ្មួញវៀតណាមមកទិញដល់ស្រែតែម្តង ហើយនាំចេញ និងមួយចំនួនទៀតឈ្មួញក្នុងស្រុកទិញសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្រ្តីមានមតិសំណេះសំណាលជាមួយម្ចាស់ស្រែដោយបានគូសបញ្ជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ជាពិសេសវិស័យកសិកម្ម ជាក់ស្តែងបងប្អូនប្រជាកសិករដែលទម្លាប់ធ្វើស្រែដោយប្រើកំលាំងពលកម្មគោ ក្របី និងកំលាំងមនុស្ស មកប្រើគ្រឿងយន្តតាំងពីការរៀបចំដី ការស្ទូងឬព្រោះ ការប្រមូលផល និងការដឹកជញ្ជូន ជារួមម្ចាស់ស្រែដល់ថ្ងៃប្រមូលផលចាំតែទូទាត់ប្រាក់ជាមួយឈ្មួញនៅលើភ្លឺស្រែជាការស្រេច។ ចំពោះតម្លៃស្រូវ មានមតិទៅកាន់ប្រជាកសិករម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនកសិករថាថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាជាមួយស្ថានទូតវៀតណាមដើម្បីពិនិត្យមើលបញ្ហាប្រឈមនានាដែលជាដើមចមធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ និងបានរួមគ្នាដាក់ចេញនូវវិធានការដោះស្រាយសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង ដោយតបតាមសំណូមពររបស់ក្រសួង ស្ថានទូតវៀតណាមថានឹងរិះរកវិធានការដោះស្រាយបញ្ហានេះឱ្យបានឆាប់ ទាន់ពេលវេលា ធ្វើយ៉ាងណាសង្ឃឹមថានឹងអាចស្តារស្ថានភាពតម្លៃស្រូវឱ្យល្អប្រសើរឡើងវិញក្រោយពេលចូលឆ្នាំចិន-វៀតណាមរួច។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថាតម្លៃស្រូវធ្លាក់ចុះមកពីក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ឈ្មួញវៀតណាម មិនបានចុះប្រមូលទិញស្រូវ រួមជាមួយប្រជាកសិករយើងខ្វះឃ្លាំងស្តុក ឡសម្ងួត និងចំពេលវេលាដែលចាំបាច់ត្រូវតែប្រមូលផលបានផ្តល់ឱកាសឱ្យឈ្មួញកណ្តាលទម្លាក់តម្លៃស្រូវ។ តែទោះជាយ៉ាងណា ការធ្លាក់ចុះតម្លៃស្រូវនាពេលនេះមិនទាន់ដល់កម្រិតមួយថាខាតបង់កម្រៃនៅឡើយ គ្រាន់តែថាចំណូលបានតិចជាងបើប្រៀបធៀបទៅឆ្នាំ២០១៨។
មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យកសិកររៀបចំចងក្រងជាសហគមន៍ផលិតទាំងស្រូវចំណី និងស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដើម្បីធានាតម្លៃ បរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជ ណាដែលទីផ្សារត្រូវការ។